ខេត្តកំពត មានទេសចរមកលេងកម្សាន្តជាង ៤៣ម៉ឺននាក់ ក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំខ្មែរ
កំពត ៖ ខេត្តកំពត នៅតែជាគោលដៅទេសចរណ៍ ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ មកសម្រាកលំហែនៅថ្ងៃឈប់សម្រាក ឬពិធីបុណ្យទានផ្សេងៗ។ ជាក់ស្តែងក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខេត្តកំពតមានភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកលេងកម្សាន្តប្រមាណជាង ៤៣ម៉ឺននាក់។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា ខេត្តកំពតក្រោមការដឹកនាំដោយភាពច្នៃប្រឌិតរបស់ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានធ្វើឱ្យខេត្តទេសចរណ៍ប៉ែកនារតីមួយនេះ កាន់តែមានភាពទាក់ទាញ ដោយការអភិវឌ្ឍវិស័យទេសចរណ៍ ត្រូវបានយកចិត្តទុកដាក់ខ្លាំង ហើយសមិទ្ធផលទេចរណ៍ឯក ក៏បានលេចឡើងជាវន្តបន្ទាប់។

ជាក់ស្តែងក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តកំពតមានវត្តមានភ្ញៀវទេសចរមកលេង និងស្នាក់នៅចំនួន ៤៣២.៨១៦នាក់ ក្នុងនោះភ្ញៀវជាតិមាន ៤៣០.៤២៦នាក់ និងទេសចរបរទេសចំនួន២.៣៩០នាក់។

លោក ប្រធានមន្ទីរបានបញ្ជាក់ថា ភ្ញៀវជាតិ អន្តរជាតិដែលដើរលម្ហែកម្សាន្តតាមរមណីយដ្ឋាន សហគមន៍ គោលដៅទេសចរណ៍នានាមានចំនួន ១៤៦.៧៨៦នាក់ ចំណែកភ្ញៀវ និងបងប្អូប្រជាពលរដ្ឋដែលបានចូលរួមក្នុងព្រឹត្តិការណ៍សង្ក្រាន្តមាន ២៨៦.០៣០នាក់៕

