ព័ត៌មានជាតិ

ចូលឆ្នាំខ្មែរ៣ថ្ងៃ ! លោក គន់ គីម នៅជាមួយជនភៀសសឹក ជាប់ជានិច្ច

ភ្នំពេញ ៖ លោក គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បានចុះជួបនិងលេងល្បែងកម្សាន្តប្រជាប្រិយខ្មែរ ជាមួយជនភៀសសឹកជាប់ជានិច្ច មិនលោះថ្ងៃណាមួយឡើយ ។

លោក គន់ គីម បានថ្លែងថា ភាពសប្បាយរីករាយ របស់ប្រជាពលរដ្ឋភៀសសឹក បង្កប់នូវអត្ថន័យផ្តល់សេចក្តីទុកចិត្ត លើការដឹកនាំរបស់រាជរដ្ឋាភិបាលរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរនេះ ។

លោកថា ក្នុងរយៈពេល៣ថ្ងៃនៃបុណ្យចូលឆ្នាំខ្មែរនេះ លោកបានចុះជួបប្រជាពលរដ្ឋភៀសសឹកតាមបណ្តាខេត្តទាំង៣ គឺព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ ។
លោក គន់ គីម បន្ថែមថា ជាពិសេសនៅថ្ងៃទី៣ ឯកឧត្តមបានចូលរួមរីករាយជាមួយប្រជាពលរដ្ឋភៀសសឹកក្នុងឱកាសថ្ងៃចូលឆ្នាំខ្មែរជាប្រពៃណីដូនតាខ្មែរ ដើម្បីលើកទឹកចិត្ត និងទទួលបាននូវសំណូមពរទាំងឡាយរបស់ប្រជាពលរដ្ឋជាជនភៀសសឹក។

លោកសង្កត់ធ្ងន់ថា ក្នុងពេលវេលាប្រជាពលរដ្ឋភៀសសឹកសប្បាយរីករាយថ្ងៃចូលឆ្នាំ ឯកឧត្តមក៏បានដោះស្រាយបញ្ហាខ្វះខាតទឹកស្អាតតាមខ្នងផ្ទះ ដោយបានឲ្យក្រុមការងារដឹកទឹកជូនផងដែរ មិនឲ្យខ្វះខាតឡើយ ៕

To Top