ព័ត៌មានជាតិ

៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ខេត្តតាកែវ ទទួលបានភ្ញៀវ ទេសចរណ៍ជាង ៩០ម៉ឺននាក់

តាកែវ ៖ ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចាប់ថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ ២០២៦ សម្រាប់ខេត្តតាកែវ មានប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិ បានធ្វើដំណើរកម្សាន្តមកកាន់ខេត្តតាកែវជាង ៩០ម៉ឺននាក់។

បើយោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តតាកែវ បានឲ្យដឹងថា ស្ថិតិភ្ញៀវទេសចរក្នុងរយៈពេល ៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ សម្រាប់ថ្ងៃទី១៤ ខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជាង ១៦ ម៉ឺននាក់ ថ្ងៃទី១៥ ទទួលបានភ្ញៀវទេសចរណ៍ឈាម ២០ម៉ឺននាក់ និងថ្ងៃទី១៦ ទទួលបានភ្ញៀវទេសចរណ៍ជាង ៤០ម៉ឺននាក់។

សរុបទាំង ៣ថ្ងៃ ពីថ្ងៃទី ១៤ដល់ថ្ងៃទី ១៦ខែមេសា ឆ្នាំ ២០២៦ ខេត្តតាកែវ ទទួលបានភ្ញៀវទេសចរណ៍សរុបចំនួន ៩០៨៨២៤ នាក់ ដោយក្នុងនោះភ្ញៀវទេសចរណ៍បរទេសមានចំនួន ៧៣១៦នាក់ ផងដែរ។

គូបញ្ជាក់ផងដែរថា សម្រាប់រយៈពេលថ្ងៃ កន្លងមកនេះ អាជ្ញាធរខេត្តតាកែវ បានរៀបចំកម្មវិធីសង្ក្រាន្តតាកែវ ដោយលេងល្បែងកំសាន្តជាច្រើន នៅតាមរមណីយដ្ឋានទេសចរនានា និង នៅតាមវត្តអារាម ដោយឡែកសម្រាប់ក្រុងដូនកែវ រដ្ឋបាលខេត្តតាកែវ បានរៀបចំកន្លែងកំសាន្ត សប្បាយនៅសួនច្បារមាត់បឹងតាកែវ ដោយមានការរៀបចំកន្លែងសម្រាប់លេងល្បែងកំសាន្ត ល្បែងប្រជាប្រិយនិងល្បែងទាញព្រាត់យក្សប្រវែង ៨០ ម៉ែត្រ ព្រមទាំងការប្រគំតន្ត្រី ដែលមានDJ ល្បីៗ បានមកសំដែង និងច្រៀងជូនបងប្អូនប្រជាពលរដ្ឋរាំកម្សាន្តសប្បាយនៅមាត់បឹងតាកែវ ថែមទៀតផង៕

To Top