ព័ត៌មានជាតិ

៦ថ្ងៃ មានពលរដ្ឋ ជិត១២ម៉ឺននាក់ ជិះរថយន្តក្រុងសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ទៅ ស្រុកកំណើត ក្នុងឱកាសចូលឆ្នាំថ្មី

ភ្នំពេញ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះ បានឱ្យដឹងថាក្នុងរយៈពេល៦ថ្ងៃ ពីថ្ងៃទី ១២-១៧ ខែមេសា មានប្រជាពលរដ្ឋជិត១២ម៉ឺននាក់ បានទទួលសេវា ដឹកជញ្ជួនរថយន្តក្រុងសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ។

ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ក្រោយពីមានការណែនាំ ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋបាល រាជធានីភ្នំពេញ បានប្រកាសបញ្ចេញរថយន្តក្រុង ចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវា ដឹកជញ្ជូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី ដោយមិនបង់ប្រាក់រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ពោលគឺដឹកជញ្ជូន ទៅលេងស្រុកកំណើត និងវិលត្រឡប់មករាជធានីភ្នំពេញ ដោយភាពសប្បាយរីករាយ ជាមួយការធ្វើដំណើរ ប្រកបដោយផាសុខភាព និងសុវត្ថិភាព។

ក្នុងនោះ លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា ពីថ្ងៃទី ១២-១៧ ខែមេសា មានប្រជាពលរដ្ឋចំនួន ១១៩.៤៩០នាក់ បានទទួលសេវា ដឹកជញ្ជួន ដោយឥតគិតថ្លៃ របស់ រដ្ឋាករ ស្វយ័តដឹកជញ្ជួន សាធារណៈរថយន្តក្រុង របស់រដ្ឋបាល រាជធានីភ្នំពេញ។ បើធៀប នឹង រយៈពេល ដូច គ្នា ក្នុង ឆ្នាំ ២០២៥ មានចំនួន ៨៥.៨៤៩នាក់ គឺមានការកើនឡើនចំនួន ៣៣.៦៤១នាក់ ស្មើនឹង ៣៩% ។

បន្ថែមលើនេះ លោកស្រី អ្នកនាំពាក្យ បានគូសបញ្ជាក់បន្ថែម ថា ស្របពេលដែលចំនួនពលរដ្ឋកើនឡើងនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបន្ថែមចំនួនរថយន្តក្រុងលើសផែនការគ្រោងទុក ចំនួនដល់ទៅ ៩៤៥គ្រឿង ខណៈតាមផែនការ របស់រដ្ឋបាលរាជធានីភ្នំពេញ ត្រឹមតែ៦០០គ្រឿង ប៉ុណ្ណោះ ។

ឆ្លៀតក្នុងឱកាសនេះ លោកស្រី ដោ សម្ផស្ស ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ បានគោរពថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ គោរព ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបានឱ្យរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំផ្តល់ជូនប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី នូវការធ្វើដំណើរប្រកបដោយផាសុខភាព សុវត្ថិភាព ជាពិសេសទៅលេងស្រុកកំណើត និងត្រឡប់មករាជធានីភ្នំពេញវិញ ដោយឥតគិតថ្លៃផងដែរ ។

ជាមួយគ្នានេះ លោកស្រី ដោ សម្ផស្ស ក៏បានសូមការអធ្យាស្រ័យ និងអភ័យទោស ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលនៅថ្ងៃទី១២មេសា ជាថ្ងៃដំបូងនៃការចេញដំណើរ មានការយឺតយ៉ាវដោយសារចំនួន ប្រជាពលរដ្ឋមកទទួលសេវាមានច្រើន លើសការរំពឹងទុក ដូចនេះ មានប្រជាពលរដ្ឋ មួយចំនួន ត្រូវ រង់ចាំ ដោយសារតម្រូវ ឱ្យមានការបន្ថែមរថយន្តក្រុងភ្លាមៗ ដើម្បីដោះស្រាយនូវបញ្ហាចំពោះមុខនេះ ។

លោកស្រីបន្តថា ទោះតិចឬច្រើន កត្តានេះ អាចបណ្តាមកពី វិបត្តិ តម្លៃប្រេង ដែលអាចប៉ះពាល់ដល់ថ្លៃសំបុត្រ រថយន្តក្រុងឯកជន ឬរថយន្តឈ្នួល ដែលធ្វើឱ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់ រថយន្តក្រុងសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃវិញ ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលរាជធានីភ្នំពេញ មានក្តីសប្បាយរីករាយ ដោយបានរួមចំណែក ចូលរួមសម្រាកបន្ទុក របស់បងប្អូនប្រជាពលរដ្ឋ ក្នុង ពេលដែលសេដ្ឋកិច្ច កំពុងមានភាពមិនច្បាស់លាស់ ខណៈនេះជាកិច្ចការមួយ ដែលឯកឧត្តម ឃួង ស្រេង យកចិត្តទុកដាក់ និងតែងតែលើកទឹកចិត្ត ឱ្យពលរដ្ឋនៅរាជធានីភ្នំពេញ ងាកមកប្រើប្រាស់រថយន្តក្រុងសាធារណៈ ដែលកំពុងបម្រើសេវារៀងរាល់ថ្ងៃ ។

គួរឱ្យដឹងដែរថា ក្នុងឱកាសអញ្ជើញ ជូនដំណើរបងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនីឡើងជិះរថយន្តក្រុង ទៅលេងស្រុកកំណើត ដោយមិនគិតថ្លៃ កាលពីព្រលឹមថ្ងៃទី១២មេសា នៅទីលានប្រជាធិបតេយ្យ មុខឃ្លាំងសាំង ក្នុងខណ្ឌឬស្សីកែវ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី បានជិះរថយន្តក្រុង ដោយមិនគិតថ្លៃ មានចំនួនច្រើនខ្លាំងជាងបណ្តាឆ្នាំមុនៗ ព្រោះពួកគាត់មានជំនឿជឿជាក់ លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងម្យ៉ាងទៀត ដោយសារតម្លៃប្រេងឥន្ទនៈឡើងថ្លៃខ្ពស់ផងដែរ៕

To Top