សហជីពនៅកម្ពុជា ចេញសារលិខិត ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះមហាក្សត្រ ឱ្យទទួលបានការព្យាបាលដោយជោគជ័យ មានព្រះរាជសុខភាពល្អ បរិបូរណ៍ឡើងវិញ ព្រះរាជពលានុភាពរឹងមាំ ព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សា
ភ្នំពេញ ៖ សហជីពនៅកម្ពុជា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦បានចេញសារលិខិតក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយបន់ស្រន់សូមព្រះអង្គទ្រង់ទទួលការព្យាបាលដោយជោគជ័យ និងឆាប់ទទួលបានព្រះរាជសុខភាព ល្អបរិបូរណ៍ឡើងវិញ ព្រះរាជពលានុភាពរឹងមាំ ព្រះជន្មាទីឃាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីបន្តគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ សុខសាន្ត និងសម្បូរថ្កុំថ្កើងដល់កូន ចៅ ចៅទួតរបស់ព្រះអង្គ ជាយូរអង្វែងតរៀងទៅ។
ការចេញសាលិខិតក្រាបបង្គំទូលថ្វាយព្រះពរព្រះមហាក្សត្រនេះ គឺបន្ទាប់ពីក្រសួងព្រះបរមរាជវាំង បានបញ្ជាក់ពីបច្ចុប្បន្នភាពព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កំពុងស្ថិតក្រោមការពិនិត្យយ៉ាងយកចិត្តទុកដាក់ និងវាយតម្លៃយ៉ាងម៉ត់ចត់ជាទីបំផុតពីក្រុម វេជ្ជបណ្ឌិតល្បីជំនាញៗ ប្រចាំនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដោយក្រុមវេជ្ជបណ្ឌិត នៃមន្ទីរពេទ្យរដ្ឋធានីប៉េកាំង បានក្រាបបង្គំទូលថ្វាយយោបល់ ស្តីពីព្រះរោគតម្រូវឱ្យទទួលការព្យាបាលដោយវះកាត់។
ក្នុងសារលិខិតថ្វាយព្រះពរ សហជីពនៅកម្ពុជាបានលើកឡើងថា ក្នុងនាមយើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួង សូមឱ្យព្រះមហាក្សត្រ ព្រះអង្គទ្រង់ទទួលការព្យាបាលដោយជោគជ័យ និងឆាប់ទទួលបានព្រះរាជសុខភាពល្អបរិបូរណ៍ឡើងវិញ ព្រះរាជពលានុភាពរឹងមាំ ព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សា និងសូមព្រះអង្គចៀសចាកឆ្ងាយពីព្រះរោគាព្យាធិនានា ដើម្បីបន្តគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ សុខសាន្ត និងសម្បូរថ្កុំថ្កើងដល់ កូនចៅ ចៅទួតរបស់ព្រះអង្គ ជាយូរអង្វែងតរៀងទៅ៕










