កម្ពុជា បន្តតវ៉ាយ៉ាងខ្លាំងខ្លាបំផុត ចំពោះវត្តមាន និងការបន្តបង្កសកម្មភាពខុសច្បាប់ របស់អាជ្ញាធរថៃ នៅប្រាសាទតាក្របី
ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ បានចេញសេចក្តីថ្លែងការណ៍ដែល មានអត្ថន័យសង្ខេបដូចខាងក្រោម៖

ស្របតាមលិខិតផ្លូវការ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ និងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ព្រមទាំងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបន្តធ្វើការតវ៉ាយ៉ាងខ្លាំងខ្លាបំផុត ចំពោះវត្តមាន និងការបន្តបង្កសកម្មភាពខុសច្បាប់របស់អាជ្ញាធរថៃ នៅប្រាសាទតាក្របី និងតំបន់ជុំវិញ ដែលជាទីតាំងស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។ ទោះបីមានការតវ៉ាជាបន្តបន្ទាប់ ពីរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ ក៏អាជ្ញាធរថៃនៅតែបន្តរៀបចំការជួបជុំសាធារណៈ សម្របសម្រួលការទស្សនា និងអនុវត្តសកម្មភាពផ្សេងៗនៅតំបន់នោះ។ សកម្មភាពទាំងនេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរ លើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ហើយជាសកម្មភាពខុសច្បាប់។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រឆាំងដាច់ខាតចំពោះសកម្មភាពថ្មីៗ រួមមានការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងវត្តមានរបស់អាជ្ញាធរថៃ ដែលសុទ្ធតែជាសកម្មភាព បង្កើតស្ថានភាពជាក់ស្តែងនៅលើដី (fait accompli) ។ សកម្មភាពទាំងអស់នេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរ លើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ឯកសារអនុវត្តសន្ធិសញ្ញា ដែលពាក់ព័ន្ធនឹងការងារកំណត់និងខណ្ឌសីមាព្រំដែន រួមទាំងផែនទីមាត្រដ្ឋាន 1:200,000 និងកំណត់ហេតុនៃគណៈកម្មការកំណត់ព្រំដែន និងគណៈកម្មការបោះបង្គោលព្រំដែន រវាងឥណ្ឌូចិននិងសៀម ក៏ដូចជាអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ បែបបទបច្ចេកទេស និងផែនការមេឆ្នាំ២០០៣ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ។ សកម្មភាពទាំងនេះ ក៏រំលោភទៅនឹងសមត្ថកិច្ចរបស់គណៈកម្មការចម្រុះព្រំដែននៃភាគីទាំងពីរ (JBC) ផងដែរ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ធ្វើការតវ៉ាដាច់អហង្ការចំពោះវត្តមានរបស់មន្រ្តីជាន់ខ្ពស់ថៃ រួមទាំងរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងរដ្ឋមន្រ្តីក្រសួងការពារជាតិថៃ នៅប្រាសាទតាក្របី ក៏ដូចជាការរៀបចំសកម្មភាពនៅទីតាំងនេះនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ។ វត្តមានរបស់មន្ត្រីជាន់ខ្ពស់ទាំងនេះ បានបង្ហាញពីចរិតលក្ខណៈពង្រឹងសកម្មភាពខុសច្បាប់ និងបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាដោយសន្តិវិធី និងតាមការចរចា។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមអំពាវនាវដល់រាជរដ្ឋាភិបាលថៃ ឱ្យបញ្ឈប់ភ្លាមៗនូវសកម្មភាពទាំងអស់នៅប្រាសាទតាក្របី ដកចេញនូវសមត្ថកិច្ចទាំងអស់ចេញពីទីតាំង និងបញ្ឈប់សកម្មភាពនានាដែលកំពុងធ្វើ។ កម្ពុជាបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេសយន្តការ JBC ៕

