ព័ត៌មានអន្តរជាតិ

សភាអាមេរិក នឹងកោះហៅរដ្ឋមន្រ្តីការពារជាតិ និងប្រធានអគ្គសេនាធិការរួម មកផ្តល់សក្ខីកម្ម ជុំវិញរឿង លោក ត្រាំ គ្រោងប្រើយោធាដើម្បីបង្ក្រាបការតវ៉ា

បរទេស៖ កាលពីថ្ងៃ ច័ន្ទលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានប្រកាសថា លោកនឹងដាក់ពង្រាយទ្រព្យសម្បត្តិយោធាអាមេរិក ទៅកាន់រដ្ឋនានា ដែលមិនប្រើឆ្មាំជាតិក្នុងចំនួនគ្រប់គ្រាន់ដើម្បី “ គ្របដណ្តប់លើដងផ្លូវ” ចំពេលមានបាតុកម្មទ្រង់ទ្រាយធំ ដែលកំពុងកើតមាននៅទូទាំងប្រទេស ដែលបង្កឡើងដោយការសម្លាប់បុរសជនជាតិស្បែកខ្មៅ ឈ្មោះ George Floyd នៅក្នុងដៃរបស់ប៉ូលីសស្បែកសនៅ Minneapolis នៅចុងខែឧសភា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មាធិការសេវាកម្មប្រដាប់អាវុធរបស់តំណាងរាស្ត្រនៃសភាអាមេរិក កំពុងពិភាក្សាជាមួយក្រសួងការពារជាតិ ក្នុងគោលបំណងរៀបចំឱ្យរដ្ឋមន្ត្រីការពារជាតិលោក Mark Esper និងប្រធានអគ្គសេនាធិការរួម លោកឧត្តមសេនីយ៍ Mark Milley ផ្តល់សក្ខីកម្មនៅសប្តាហ៍ក្រោយ ស្តីពីការព្រមានរបស់ប្រធានាធិបតីដូណាល់ត្រាំថា លោកនឹងដាក់ពង្រាយយោធាដើម្បីបង្ក្រាប ការតវ៉ានៅទូទាំងប្រទេស។ នេះបើតាមសារព័ត៌មាន Axios ចេញផ្សាយដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ។

ប្រភពមួយពីការសន្ទនានេះបានលើកឡើងថា “ ក្រសួងការពារជាតិបានទទួលស្គាល់ការស្នើសុំនេះ ប៉ុន្តែព័ត៌មានលម្អិតនៅតែត្រូវបានកំណត់រាប់បញ្ចូលទាំងកាលបរិច្ឆេទផង” ។

ក្រសួងមិនបានសំរេចថាតើ លោក Esper និងលោក Milley នឹងផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការនេះទេ។ វាមិនច្បាស់ទេថាតើសេតវិមាននឹងអនុញ្ញាតឱ្យមានសក្ខីកម្ម របស់មន្រ្តីជាន់ខ្ពស់ របស់មន្ទីរប៉ង់តាហ្គោន ដែលធ្វើឡើងនៅក្នុងសភានេះដែរ ៕ ប្រែសម្រួលៈ ណៃ តុលា

To Top