ព័ត៌មានជាតិ

លោក​ ហួត ហាក់ ៖ ក្រសួងទេសចរណ៍ តែងបើកចំហ សម្រាប់ការសហការ ជាមួយដៃគូ លើវិស័យទេសចរណ៍ ដើម្បីរួមចំណែក លើកស្ទួយកេរ្តិ៍ឈ្មោះកម្ពុជា

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍ តែងតែបើកចំហ សម្រាប់ការសហការ ជាមួយដៃគូ និងភាគីពាក់ព័ន្ធលើវិស័យទេសចរណ៍ ដើម្បីរួមចំណែកលើក ស្ទួយកេរ្តិ៍ឈ្មោះកម្ពុជា ។

ការលើកឡើងរបស់លោក ហួត ហាក់ ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យឧកញ៉ា ជួប មាន អគ្គនាយិកា ក្រុមហ៊ុន ថោន អេនធើធេនម៉ិនគ្រុប និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការ​ ក្នុងការលើកម្ពស់វិស័យទេសចរណ៍កម្ពុជា តាមរយៈការស្នើសុំចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រសួងទេសចរណ៍ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ។

ក្នុងជំនួបពិភាក្សានេះ ឧកញ៉ា ជួប មាន លើកឡើងអំពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុននាពេលកន្លងមក និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការចូលរួមចំណែកជាមួយក្រសួង ក្នុងការលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា តាមរយៈការផលិតមាតិកាផ្សព្វផ្សាយ កម្មវិធីកម្សាន្ត និងសកម្មភាពកីឡា សិល្បៈ វប្បធម៌ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យទស្សនាកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត។

ជាមួយគ្នានេះលោករដ្ឋមន្ត្រី ហួត ហាក់ បានបានស្វាគមន៍ និងគាំទ្រ នូវប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការចូលរួមចំណែក ក្នុងការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលជាផ្នែកដ៏សំខាន់ ក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជា ឱ្យមានភាពច្នៃប្រឌិត និងប្រកបដោយភាពប្រកួតប្រជែ ងទាំងក្នុងតំបន់ និងសកលលោក។

លោករដ្ឋមន្ត្រី ហួត ហាក់ ក៏បានបញ្ជាក់ថា ក្រសួងទេសចរណ៍ តែងតែបើកចំហ សម្រាប់ការសហការជាមួយដៃគូ និងភាគីពាក់ព័ន្ធលើវិស័យទេសចរណ៍ ដើម្បីរួមចំណែកលើក ស្ទួយកេរ្តិ៍ឈ្មោះកម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាព ស្រស់ស្អាត និងទាក់ទាញលើឆាកអន្តរជាតិ និងបានលើកទឹកចិត្តឱ្យមានការសហការរវាងវិស័យរដ្ឋ និងឯកជន ដើម្បីចូលរួមជាមួយក្រសួង ក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀតផងដែរ៕

To Top