គ្រាប់មីនសល់ពីសង្គ្រាម បង្កឱ្យពលរដ្ឋកម្ពុជាស្លាប់ និងរបួសជាង៦ម៉ឺននាក់
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងថា គ្រាប់មីនដែលសល់ពីសម័យសង្គ្រាមបានបណ្តាលឱ្យប្រជាពលរដ្ឋខ្មែរស្លាប់ និងរងរបួសជាង៦ម៉ឺននាក់ ខណៈចំនួនជនរងគ្រោះថយចុះ។

ក្រោយបញ្ចប់ការចូលរួម ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈសំខាន់ៗមួយចំនួន ក្នុងនោះក៏មានសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ចាប់ពីឆ្នាំ១៩៧៩ ដល់បច្ចុប្បន្ន មីននិងសំណល់ជាតិផ្ទុះសល់ពីភ្នក់ភ្លើងសង្គ្រាម បង្កឱ្យពលរដ្ឋនៅកម្ពុជា ស្លាប់ ពិការ និងរបួសចំនួន ៦៥ ១២៥ នាក់។ ជាមួយគ្នានេះ ចំនួនជនរងគ្រោះប្រចាំឆ្នាំថយចុះពី៤៣២០នាក់ នៅឆ្នាំ១៩៩៦ មក៣៩នាក់ នៅឆ្នាំ២០២៥ ។
លោកថា ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៥ កម្ពុជារកឃើញនិងកម្ទេចចោលមីនប្រឆាំងមនុស្សជាតិ ១ ២០៧ ១៣៣ គ្រាប់ , មីនប្រឆាំងរថក្រោះ ២៦ ៧០០ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣ ២៤៤ ១៧៨ គ្រាប់ ។
សូមបញ្ជាក់ថា រយៈពេល៣៣ឆ្នាំកន្លងមកនេះ គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៥ ផ្ទៃដីទំហំ ៣ ៥៤១គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតគ្រាប់មីន សម្រាប់យកទៅប្រើប្រាស់និងបង្កបង្កើនផល ។ ក្នុងនោះ វិស័យកសិកម្មមាន ៧៨ភាគរយ ហេដ្ឋារចនាសម្ព័ន្ធមាន ៥ភាគរយ និងផ្សេងៗមាន ១៧ភាគរយ ដែលរួមមានការសាងសង់លំនៅឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម។ សមិទ្ធផលនៃការបោសសម្អាតផ្ទៃដីមានមីនទាំងនេះ កម្ពុជាក៏បានក្លាយជាប្រទេសឈានមុខគេ និងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងសកម្មភាពមីនសកល ៕
