កិច្ចចរចារវាងអាមេរិក និងអ៊ីរ៉ង់ ដែលជាប់គាំង ប្រឈមមុខនឹងភាពមិនប្រាកដប្រជា កាន់តែច្រើន
អ៊ីស្លាម៉ាបាដ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា «គ្មានពេលវេលាកំណត់» សម្រាប់បញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់នោះទេ ដោយសង្កត់ធ្ងន់ថា គ្មានសម្ពាធពេលវេលា លើបទឈប់បាញ់ដែលបានពង្រីក ឬការចរចាសន្តិភាព ដែលកំពុងរង់ចាំនោះទេ ។
ដំបូងឡើយ លោកបានឧ្យដឹងថា សង្គ្រាមនឹងមានរយៈពេលពី ៤ ទៅ ៦ សប្តាហ៍ បន្ទាប់ពីវាបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ។ មុននេះនៅថ្ងៃដដែលនោះ សារព័ត៌មានអនឡាញអាមេរិក Axios បានលើកឡើងពីមន្ត្រីអាមេរិក ៣ នាក់ថា លោក ត្រាំ អាចនឹងពង្រីកបទឈប់បាញ់ជាមួយអ៊ីរ៉ង់ រយៈពេល ៣ ទៅ ៥ថ្ងៃទៀត។
ខណៈដែលបទឈប់បាញ់ រយៈពេលពីរសប្តាហ៍ដែលបានចាប់ផ្តើមនៅថ្ងៃទី៨ ខែមេសា ជិតផុតកំណត់ លោក ត្រាំ នៅថ្ងៃអង្គារបានពង្រីកបទឈប់បាញ់ តាមការស្នើសុំរបស់ប៉ាគីស្ថាន ប៉ុន្តែបានបន្តបិទច្រកកំពង់ផែអ៊ីរ៉ង់។
ដោយលើកឡើងពីការបិទផ្លូវថា ជាការរំលោភលើបទឈប់បាញ់ អ៊ីរ៉ង់ បានបដិសេធមិនចូលរួមកិច្ចចរចា រួមជាមួយនឹងការលុបចោលដំណើរ ទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិកលោក JD Vance ទៅកាន់ប្រទេសប៉ាគីស្ថាន ដែលធ្វើឲ្យមានការរំពឹងទុកបន្ថែមទៀត លើកិច្ចចរចាសន្តិភាពអ៊ីរ៉ង់-អាមេរិកថ្មីនៅទីក្រុងអ៊ីស្លាម៉ាបាដ។
អ៊ីរ៉ង់បានបញ្ជាក់ថាការរំលោភ លើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកបានធ្វើឲ្យការចរចាជាប់គាំង ប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួល សំខាន់រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានដាក់ទីក្រុងអ៊ីស្លាម៉ាបាដ ឱ្យស្ថិតនៅក្រោមសន្តិសុខពិសេស ក្នុងការរំពឹងទុកនៃកិច្ចចរចាសន្តិភាព ជុំទីពីរ ដែលរង់ចាំជាយូរមកហើយ។
បុគ្គលិកប៉ូលីសរាប់ពាន់នាក់ កងកុម្ម៉ង់ដូវរជន និងអ្នកលបបាញ់លើដំបូលត្រូវបានដាក់ពង្រាយនៅទូទាំងទីក្រុងអ៊ីស្លាម៉ាបាដ និងទីក្រុងរ៉ាវ៉ាល់ពីនឌីជិតខាង ខណៈដែលសណ្ឋាគារធំៗត្រូវបានទាមទារសម្រាប់គណៈប្រតិភូដែលរំពឹងទុក។
ទោះបីជាមានការរៀបចំយ៉ាង ទូលំទូលាយក៏ដោយ កិច្ចចរចាមិនបានបន្តទៅមុខទេ ដោយសារអ៊ីរ៉ង់បានឧ្យដឹងថា សហរដ្ឋអាមេរិកបានបរាជ័យ ក្នុងការគោរពការប្តេជ្ញាចិត្តពីមុនរបស់ខ្លួន ដោយលើកឡើងពីការបិទផ្លូវសមុទ្រ ការរឹបអូសនាវាអ៊ីរ៉ង់ និងការគំរាមកំហែងជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ជាហេតុផលសំខាន់ៗ សម្រាប់ការបដិសេធមិនចរចា៕
ប្រែសម្រួល ឈូក បូរ៉ា
