ព័ត៌មានជាតិ

រដ្ឋមន្ដ្រីអប់រំ ៖ បច្ចុប្បន្ន ប្រព័ន្ធអប់រំនៅកម្ពុជា កំពុងផ្លាស់ប្តូរទៅរកប្រព័ន្ធអប់រំមួយ ដែលឆ្លើយតប ទៅនឹងសមត្ថភាព សិក្សាខុសៗគ្នា របស់កុមារម្នាក់ៗ

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា បច្ចុប្បន្ន ប្រព័ន្ធអប់រំនៅកម្ពុជាកំពុង ផ្លាស់ប្តូរពីការបង្រៀន តែមួយ បែបសម្រាប់សិស្សទាំងអស់ ទៅរកប្រព័ន្ធអប់រំមួយ ដែលឆ្លើយតបទៅនឹងសមត្ថភាពសិក្សាខុសៗគ្នា របស់កុមារម្នាក់ៗ។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន នាឱកាសអញ្ជើញ ដឹកនាំកិច្ចប្រជុំ ជាមួយគណៈប្រតិភូធនាគារពិភពលោក ដឹកនាំដោយ លោកស្រី Tania Meyer, Country Manager នៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ស្តីពី ការបូកសរុបលទ្ធផលបេសកកម្ម គាំទ្រការអនុវត្តលើកទីមួយ នៃគម្រោងកែលម្អការអប់រំ កម្រិតមូលដ្ឋាន (BEIP) នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។

គម្រោង BEIP ត្រូវបានរៀបចំឡើងក្នុងគោលបំណងយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃវិស័យអប់រំនៅកម្ពុជា ចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់បឋមសិក្សា។

ក្នុងឱកាសនេះ លោកស្រី នាយិកាធនាគារពិភពលោក ប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ថា គម្រោង BEIP គឺជាគម្រោងគំរូដ៏សំខាន់ (Flagship Project) ដែលកំពុងឈានពីដំណាក់កាលរៀបចំ ទៅជាការអនុវត្តជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សានុសិស្សនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណធនាគារពិភពលោក ដែលតែងតែផ្តល់ការគាំទ្រ ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងកិច្ចខិតខំប្រឹងប្រែងកែលម្អប្រព័ន្ធអប់រំនៅកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវ និងការខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្មរបស់ក្រុមការងារនៃភាគីទាំងពីរ ដែលបានសហការគ្នាយ៉ាងល្អប្រសើរក្នុងបេសកកម្មដំបូងនេះ ដើម្បីបំប្លែងចក្ខុវិស័យរួមឱ្យទៅជាសមិទ្ធផលជាក់ស្តែង ដែលនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានដល់ប្រព័ន្ធអប់រំ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា «បច្ចុប្បន្ន ប្រព័ន្ធអប់រំនៅកម្ពុជា កំពុងផ្លាស់ប្តូរពីការបង្រៀន តែមួយបែបសម្រាប់សិស្សទាំងអស់ ទៅរកប្រព័ន្ធអប់រំមួយដែលឆ្លើយតបទៅនឹងសមត្ថភាពសិក្សាខុសៗគ្នារបស់កុមារម្នាក់ៗ តាមរយៈការដាក់ចេញនូវវិធីសាស្ត្របង្រៀនបែបទំនើប និងការប្រើប្រាស់សម្ភារៈសិក្សាដែលសម្បូរបែប។ ការផ្លាស់ប្តូរជាយុទ្ធសាស្ត្រនេះ មិនត្រឹមតែជួយឱ្យកុមារគ្រប់រូបទទួលបាននូវការអប់រំប្រកបដោយបរិយាបន្នប៉ុណ្ណោះទេ ថែមទាំងជួយឱ្យពួកគាត់ទទួលបាននូវសក្តានុពលពិតប្រាកដ ដើម្បីក្លាយជាមូលធនមនុស្សដ៏រឹងមាំសម្រាប់អនាគតជាតិ»។

ក្នុងន័យនេះ លោក ឧបនាយករដ្ឋមន្ត្រី ជឿជាក់ថា តាមរយៈការផ្លាស់ប្តូរពីការត្រៀមលក្ខណៈរដ្ឋបាល ទៅជាការអនុវត្តយ៉ាងម៉ឺងម៉ាត់នៅកម្រិតថ្នាក់រៀន យើងនឹងអាចសម្រេចបាន នូវការអភិវឌ្ឍធនធាន មនុស្សប្រកបដោយសក្តានុពល ដើម្បីឈានទៅរកសង្គម ដែលផ្អែកលើចំណេះដឹង និងការរីកចម្រើន ប្រកបដោយចីរភាព នាពេលអនាគត៕

To Top