អ៊ីរ៉ង់ អះអាងថា ខ្លួនបានរឹបអូសកប៉ាល់ដឹកប្រេង ដែលបង្កបញ្ហា និងរិះគន់ដំណើរផ្សងព្រេងយោធាមិនប្រុងប្រយ័ត្ន របស់សហរដ្ឋអាមេរិក
តេអេរ៉ង់៖ កងទ័ពអ៊ីរ៉ង់បានឧ្យដឹងថា កងកម្លាំងជើងទឹករបស់ខ្លួនបានរឹបអូសកប៉ាល់ដឹកប្រេង បង្កបញ្ហាមួយគ្រឿងឈ្មោះ Ocean Koiដែលមានបំណងរំខានដល់ការនាំចេញប្រេងរបស់ប្រទេសដោយរំលោភលើកាលៈទេសៈក្នុងតំបន់។
កងទ័ពអ៊ីរ៉ង់បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កប៉ាល់ដឹកប្រេងនេះកំពុងដឹកប្រេងរបស់អ៊ីរ៉ង់ និងមានបំណងបំផ្លាញផលប្រយោជន៍ជាតិរបស់អ៊ីរ៉ង់ដោយរៀបចំ «ប្រតិបត្តិការពិសេស» មួយនៅក្នុងឈូងសមុទ្រអូម៉ង់។
ប្រភពបានឧ្យដឹងថា កងកម្លាំងជើងទឹកបានដឹកនាំកប៉ាល់ដឹកប្រេងទៅកាន់ឆ្នេរសមុទ្រភាគខាងត្បូងរបស់អ៊ីរ៉ង់ ហើយបានប្រគល់វាទៅឱ្យអាជ្ញាធរយុត្តិធម៌របស់អ៊ីរ៉ង់។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ កងទ័ពអ៊ីរ៉ង់បានឧ្យដឹងថា កងកម្លាំងជើងទឹករបស់ខ្លួនបានកំណត់គោលដៅនាវាពិឃាតរបស់សហរដ្ឋអាមេរិកជាមួយនឹងមីស៊ីលបញ្ជា រ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើកប្រយុទ្ធក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងមកនេះ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ពួកគេទៅលើកប៉ាល់ដឹកប្រេងអ៊ីរ៉ង់នៅជិតច្រកសមុទ្រហ័រមូស និងនៅក្នុងដែនទឹករបស់អ៊ីរ៉ង់។
ប្រភពបានបន្ដថា នាវាពិឃាតបានផ្លាស់ប្តូរទិសដៅ ហើយបានចាកចេញពីតំបន់នោះ។
ទន្ទឹមនឹងនេះ ក្រសួងការបរទេសអ៊ីរ៉ង់ នៅថ្ងៃសុក្របានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិកពេញមួយយប់ ដោយហៅការវាយប្រហារទាំងនោះថាជាការរំលោភលើបទឈប់បាញ់ថ្ងៃទី ៨ ខែមេសា រវាងភាគីជម្លោះ៕
ប្រែសម្រួល ឈូក បូរ៉ា
