អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ កិច្ចខិតខំប្រឹងប្រែងខ្លួនឯង គឺជាកត្តាជំរុញឱ្យក្លាយជាមនុស្សពូកែលេចធ្លោក្នុងសង្គម
ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានផ្តល់ឱកាសគ្រប់យ៉ាងដល់យុវជន រាប់តាំងពីគោលនយោបាយល្អ សាលារៀនល្អ និងសម្បូរបែប គ្រូបង្រៀនក៏មានសមត្ថភាព ខណៈដែលសម្ភារៈសិក្សាក៏មិនខ្វះ។ ទោះយ៉ាងណា មានតែកិច្ចខិតខំប្រឹងប្រែងខ្លួនឯងទេដែលជាកត្តាជំរុញឱ្យយើងក្លាយជាមនុស្សពូកែ លេចធ្លោក្នុងសង្គម និងមានប្រយោជន៍សម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត។

នេះជាការលើកឡើងរបស់លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឱកាសអញ្ជើញជាអធិបតី និងជាវាគ្មិនក្នុងបាឋកថាស្ដីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅរសៀលថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦។

ដើម្បីក្លាយជាមូលធនមនុស្សស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល លោក ប៉ែន បូណា ជំរុញលើកទឹកចិត្តឱ្យនិស្សិតខិតខំប្រឹងប្រែងរៀនសូត្រ ឱ្យលើសពីចេះដូចសុភាសិតបូរាណពោលថា «ចេះដប់មិនស្មើប្រសប់មួយ»។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សង្កត់ធ្ងន់ថា នៅពេលក្លាយខ្លួនជាមនុស្សពូកែ ប៉ិនប្រសប់ប្រកបដោយទេពកោសល្យលេចធ្លោ ការងារល្អៗជាច្រើននៅរង់ចាំក្មួយៗនាពេលខាងមុខ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏ បានរំលេចជូននិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យអំពីធាតុសំខាន់ៗនៃមូលធនមនុស្សដែលរាជរដ្ឋាភិបាលចង់បានគឺ ត្រូវមានចំណេះជំនាញពិតប្រាកដយ៉ាងតិចមួយក្នុងជីវិត មានសមត្ថភាពសម្របសម្រួលនិងចុះសម្រុងដែលហៅថា ជំនាញទន់ មានសីលធម៌ល្អ សុខភាពល្អ និងមានមនសិកាស្នេហាជាតិពិតប្រាកដ។

សូមបញ្ជាក់ថា បាឋកថានេះ មានការអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាស្វាគមន៍ពី លោកបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រួមទាំងគណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតជិត ៣០០ នាក់៕




