ព័ត៌មានជាតិ

សម្ដេចតេជោ ពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា-តួកគី

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានបង្ហាញការពេញចិត្តជាខ្លាំងចំពោះវឌ្ឍនភាព នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក មេសុត អើសចាន់ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋតួកគីយ៉េប្រចាំ កម្ពុជា ចូលជួបប្រគល់សារតាំងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ថា សម្ដេចតេជោបានពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ទាំងនៅក្នុងក្របខ័ណ្ឌនៃស្ថាប័ននីតិប្រតិបត្តិក្របខ័ណ្ឌនីតិបញ្ញត្តិ ដែលប្រទេសទាំងពីរបានធ្វើមកជាមួយគ្នា។

អ្នកនាំពាក្យបន្តថា “នាពេលកន្លងមកប្រទេសទាំងពីរមានជើងហោះហើរជាមួយគ្នា និងក៏មានស្ថានទូតនៅក្នុងប្រទេសនីមួយៗទៀតផង ដែលទាំងនេះ បង្ហាញយ៉ាងច្បាស់អំពីការផ្ដល់តម្លៃនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងតួកគី”។ 

បើតាមអ្នកនាំពាក្យ សម្ដេចតេជោបានអរគុណចំពោះតួកគីដែលកន្លងមកបានចូលរួមចំណែកក្នុងការជួយដល់កម្ពុជា ជាពិសេសគឺការជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា ហើយភាគីទាំងពីរនៅមានសក្កានុពលជាច្រើនទៀតដែលត្រូវពង្រឹងបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំ។

សម្រាប់អគ្គរដ្ឋទូតតួកគីវិញបានប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីពូនជ្រុំបន្ថែមនៅទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំបន្ថែមទៀត ៕

To Top