អ្នកនាំពាក្យ ៖ កម្ពុជាជាប់ចំណាក់ថ្នាក់លេខ១ មានបរិស្ថានដ៏ល្អលើលោក ជាសារប្រាប់ក្រុមប្រឆាំង
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ការផ្តល់ចំណាត់ថ្នាក់លេខ១ ដល់ប្រទេសកម្ពុជា ដែលមានបរិស្ថានធម្មជាតិដ៏ល្អបំផុត នៅលើពិភពលោក គឺជាសារមួយយ៉ាងច្បាស់លាស់ បញ្ជាក់ទៅក្រុមប្រឆាំង ដែលតែងតែយកបញ្ហាបរិស្ថាន វាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជា ។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែន កម្ពុជា-ថៃ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា ប្រទេសកម្ពុជាត្រូវ បានចាត់ថ្នាក់ជាប្រទេស ដែលមានបរិស្ថានធម្មជាតិល្អលេខ១នៅលើពិភពលោក ក្នុងឆ្នាំ២០២៦។ នេះបើយោងតាមរបាយការណ៍ស្ទង់មតិ និងចាត់ចំណាត់ថ្នាក់សកលដោយ U.S. News & World Report។
លោកថា របាយការណ៍នេះ បានវាយតម្លៃលើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានថែរក្សាតុល្យភាពយ៉ាងល្អរវាងការអភិវឌ្ឍ និងការការពារបរិស្ថាន ក្នុងនោះមានការគ្រប់គ្រងបរិស្ថានបានល្អ ផ្តល់ខ្យល់អាកាសល្អ ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវចម្រុះ ប្រកបដោយនិរន្តភាព។

អ្នកនាំពាក្យបញ្ជាក់ថា “របាយការណ៍ស្តីពីការផ្តល់ចំណាត់ថ្នាក់លេខ១ ដល់ប្រទេសកម្ពុជាដែលមានបរិស្ថានធម្មជាតិដ៏ល្អបំផុតនៅលើពិភពលោក ក៏ជាសារមួយច្បាស់លាស់ចំពោះក្រុមដែលតែងតែយកបញ្ហាបរិស្ថានមកធ្វើជារបៀបវារៈនយោបាយដើម្បីវាយប្រហាររាជរដ្ឋាភិបាល ដោយមើលរំលងទាំងស្រុងពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលចំពោះកិច្ចការពារបរិស្ថានធម្មជាតិ តាមរយៈការធ្វើឱ្យមានតុល្យភាពរវាងការអភិវឌ្ឍ និងអភិរក្សដែលជាចំណុចសំខាន់មួយនៃគោលនយោបាយដឹកនាំប្រទេស តាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន រហូតដល់សម្តេចធិបតី ហ៊ុន ម៉ាណែត” ។
លោកបន្ថែមថា ជាក់ស្តែង នៅក្នុងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ នៃយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក៏មាននិយាយពីតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្សបរិស្ថានធម្មជាតិ ដើម្បីធ្វើឱ្យសង្គមកម្ពុជាជា សង្គមដែលប្រជាពលរដ្ឋរស់នៅប្រកបដោយផាសុកភាព៕
