សម្តេចតេជោ អញ្ជើញប្រធានាធិបតីបេណាំង មកបំពេញទស្សនកិច្ចកម្ពុជា
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានអញ្ជើញ ប្រធានាធិបតីនៃសាធារណរដ្ឋបេណាំង មកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹង ក្រោយសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក Franck E. W. ADJAGBA ឯកអគ្គរដ្ឋទូតតែងតាំងថ្មីសាធារណរដ្ឋបេណាំងប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ថា សម្ដេចតេជោបញ្ជាក់អំពីអនុស្សាវរីយ៍ និងចំណងមិត្តភាពមួយដ៏រឹងមាំបន្ថែមទៀតសម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងបេណាំង។ សម្ដេចតេជោបានរំលឹកថា សម្តេចបានទៅទស្សនកិច្ចនៅប្រទេសមួយនេះ ក្នុងពេលដែលសម្ដេចនៅជារដ្ឋមន្ត្រីការបរទេស គឺអំឡុងឆ្នាំ១៩៨៣ ដែលពេលនោះកម្ពុជា ត្រូវបានរឹតត្បិត នៃការដាក់ទណ្ឌកម្មពីបរទេស ប៉ុន្តែបេណាំងនៅតែទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្ដេចនាពេលនោះ។

អ្នកនាំពាក្យបន្តថា សម្ដេចតេជោក៏ឆ្លៀតឱកាសនេះ អញ្ជើញប្រធានាធិបតីរបស់បេណាំងមកកាន់ប្រទេសកម្ពុជានៅពេលខាងមុខ នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលប្រទេសនិយាយភាសាបារាំង ហ្វ្រង់កូហ្វូនី នៅខែវិច្ឆិកាខាងមុខ។

លោកបន្ថែមថា “សម្ដេចសង្ឃឹមថា មេដឹកនាំរបស់បេណាំងនឹងអញ្ជើញមកកាន់ប្រទេសកម្ពុជា ហើយនៅពេលនោះ ជាឱកាសនៃការពង្រីកមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់រឹងមាំបន្ថែមទៀត” ។

ទន្ទឹមនឹងនេះ សម្ដេចតេជោសង្ឃឹមថា នៅក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រទេសនិយាយភាសាបារាំងនៅខែវិច្ឆិកាខាងមុខ មេដឹកនាំរបស់បេណាំង នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជា៕




