ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រីកម្ពុជា លើកឡើងពីគោលនយោបាយ និងយន្តការចាំបាច់នានា ដើម្បីទាក់ទាញវិនិយោគិនបរទេសថ្មីៗ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងអំពីគោលនយោបាយ និងយន្តការចាំបាច់នានា របស់រាជរដ្ឋាភិបាលក្នុងបង្កើតបរិយាកាសអំណោយផល ដើម្បីទាក់ទាញវិនិយោគិនបរទេសថ្មីៗ មកកម្ពុជាបន្ថែមទៀត។

ការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ លោក Remco Johannes van Wijngaarden ឯកអគ្គរាជទូតហូឡង់ ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប, លោកឯកអគ្គរាជទូត បានគូសរំលេចពីការកើនឡើងគួរឱ្យកត់សម្គាល់នៃទំហំពាណិជ្ជកម្មទ្វេភាគីដែលបានកើនឡើង រហូតដល់ជាង ១ ប៊ីលានដុល្លារ នៅឆ្នាំ២០២៥។ ជាមួយគ្នានេះ លោក ឯកអគ្គរាជទូត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រដល់ភាពជោគជ័យរបស់ក្រុមហ៊ុនហូឡង់ ដែលកំពុងប្រតិបត្តិការអាជីវកម្មនៅកម្ពុជានាពេលបច្ចុប្បន្ន។

ជាការឆ្លើយតប, សម្ដេចធិបតី បានគូសបញ្ជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អនាពេលបច្ចុប្បន្ននឹងជួយពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត ស្របពេលដែលប្រទេសទាំងពីរនៅមានសក្ដានុពលក្នុងវិស័យជាច្រើនទៀត ដែលអាចពង្រីកការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការរវាងគ្នាបន្ថែមទៀត។

សម្ដេចធិបតី និងលោកឯកអគ្គរាជទូត ក៏បានបន្តពិភាក្សាគ្នាអំពីការជំរុញការពង្រីកទំនាក់ទំនងសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ធុរកិច្ច និងការវិនិយោគនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ដោយបានឯកភាពជំរុញការតភ្ជាប់រវាងវិស័យឯកជន និងឯកជន (B2B) តាមរយៈការរៀបចំទស្សនកិច្ចធុរកិច្ច និងពិព័រណ៍ពាណិជ្ជកម្មនានា ដើម្បីស្វែងរកកាលានុវត្តភាពនៃការវិនិយោគ និងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន។

សម្ដេចធិបតី ក៏បានលើកឡើងអំពីគោលនយោបាយ និងយន្តការចាំបាច់នានា របស់រាជរដ្ឋាភិបាលក្នុងបង្កើតបរិយាកាសអំណោយផល ដើម្បីទាក់ទាញវិនិយោគិនបរទេសថ្មីៗឱ្យកាន់តែច្រើនថែមទៀត និងការដាក់ចេញនូវវិធានការជាក់ស្ដែងដើម្បីធានានូវភាពប្រកួតប្រជែង, ភាពអាចប៉ាន់ប្រមាណបាន, និងធានាដល់ភាពជោគជ័យរបស់វិនិយោគិនដែលមានស្រាប់នៅកម្ពុជាផងដែរ។

សម្ដេចធិបតី បានសង្កត់ធ្ងន់ថា ភាពជោគជ័យរបស់វិនិយោគិនដែលមានស្រាប់ មិនត្រឹមតែជាកាតាលីករជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងជួយទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀតមកកម្ពុជាផងដែរ៕

To Top