ព័ត៌មានជាតិ

ប្រមុខបក្សប្រជាជន ៖ ទឹកដីកម្ពុជា គឺជារបស់ពលរដ្ឋទាំងអស់គ្នា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ទឹកដីរបស់កម្ពុជាមិនមែនជារបស់អ្នកណាម្នាក់ផ្តាចមុខនោះទ គឺជារបស់អ្នកទាំងអស់គ្នា ។
ក្នុងសន្និសីទសារព័ត៌មានបង្ហាញលទ្ធផលនៃកិច្ចជំនួបរវាងគណបក្សសម្ព័ន្ធភាពទាំង២៩ ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែងថា ទឹកដីរបស់កម្ពុជាគឺជារបស់ប្រជាពលរដ្ឋខ្មែរគ្រប់ៗគ្នា ។

លោកថា “សម្តេចប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោបានបញ្ជាក់តែម្តងថា ទឹកដីរបស់កម្ពុជា មិនមែនជារបស់គណបក្សណាមួយឡើយ មិនមែនជារបស់អ្នកណា ឬក្រុមមួយណាឡើយ ប៉ុន្តែជារបស់យើងទាំងអស់គ្នា វាជារបស់គណបក្សទាំងអស់គ្នា ជារបស់ប្រជាជនទាំងអស់គ្នា”។

អ្នកនាំពាក្យបានស្រង់ប្រសាសន៍សម្តេចតេជោមកបន្តទៀតថា មានទឹកដី ទើបមានគណបក្សនយោបាយចម្រុះកើតឡើងដែលបានអនុវត្តទៅតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នាពេលបច្ចុប្បន្ន។ ដូច្នេះ បានជាសម្ព័ន្ធភាពនៃគណបក្សនយោបាយទាំង២៩បានរួមគ្នានូវការការពារបូរណភាពទឹកដីដូចដែលមានចែងនៅក្នុងកិច្ចព្រមព្រៀង។

បើតាមលោក ជា ធីរិទ្ធ គណបក្សសម្ព័ន្ធទាំង២៩បានគាំទ្រចំពោះរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន ជាមួយភាគីថៃ ដោយសន្តិវិធីផ្អែកតាមគោលការណ៍ច្បាប់អន្តរជាតិ ៕

To Top