វៀតណាម ដាក់ចេញគោលការណ៍ ផ្តល់លុយ ៧៦ដុល្លារ សម្រាប់ស្រ្តីដែលមានកូន២នាក់ នៅអាយុ៣៥ឆ្នាំ ក្នុងពេលដែលបច្ចុប្បន្ន វៀតណាមមានប្រជាជនជាង១០០លាននាក់
បរទេស៖ ស្ត្រីដែលសម្រាលកូនបានពីរនាក់មុនអាយុ ៣៥ ឆ្នាំ នឹងទទួលបានកញ្ចប់ជំនួយហិរញ្ញវត្ថុអប្បបរមាចំនួន ២ លានដុង ស្មើនឹងប្រហែល ៧៥,៨៦ ដុល្លារអាមេរិក ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៧ ក្រោមក្រឹត្យរបស់រដ្ឋាភិបាលដែលណែនាំការអនុវត្តច្បាប់ស្តីពីចំនួនប្រជាជន។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ថា យោងតាមក្រឹត្យនេះ បុគ្គលិកស្រីដែលសម្រាលកូនទីពីរ និងបុគ្គលិកប្រុសដែលប្រពន្ធសម្រាលកូនទីពីរ នឹងមានសិទ្ធិទទួលបានអត្ថប្រយោជន៍មាតុភាពស្របតាមបទប្បញ្ញត្តិធានារ៉ាប់រងសង្គម ប្រសិនបើពួកគេបំពេញលក្ខខណ្ឌដែលបានកំណត់។
បុគ្គលិកស្រីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ប្រសិនបើពួកគេមានកូនតាមធម្មជាតិម្នាក់ដែលនៅរស់រួចហើយនៅពេលសម្រាល ខណៈដែលបុគ្គលិកប្រុសមានសិទ្ធិទទួលបាន ប្រសិនបើប្រពន្ធរបស់ពួកគេមានកូនតាមធម្មជាតិម្នាក់ដែលនៅរស់នៅពេលសម្រាល។
នីតិវិធីសម្រាប់ការទាមទារអត្ថប្រយោជន៍មាតុភាពទាក់ទងនឹងកំណើតកូនទីពីរនឹងអនុវត្តតាមបទប្បញ្ញត្តិធានារ៉ាប់រងសង្គមដែលមានស្រាប់ និងនីតិវិធីទូទាត់អត្ថប្រយោជន៍ដែលចេញដោយក្រសួងហិរញ្ញវត្ថុ។
បទប្បញ្ញត្តិថ្មីនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៦ ហើយជំនួយហិរញ្ញវត្ថុនឹងត្រូវបានគ្របដណ្តប់ដោយថវិកាក្នុងស្រុក។
សូមបញ្ជាក់ថា បើតាមទិន្នន័យពី UNFPA ប្រទេសវៀតណាម មានប្រជាជនប្រហែលជាង ១០០លាននាក់ គិតត្រឹមឆ្នាំ២០២៥ ៕
ប្រែសម្រួលៈ ណៃ តុលា
