តំណាងអចិន្ត្រៃយ៍កម្ពុជានៅ UN ៖ នៅកម្ពុជា អំពើឈ្លានពាន កាលពីខែកក្កដា-ធ្នូ ឆ្នាំ២០២៥ បង្កផលវិបាក មនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ខណៈជនស៊ីវិល ជាង៦០ម៉ឺននាក់ រត់ភៀសសឹក
ភ្នំពេញ៖ លោក កែវ ឈា ឯកអគ្គរាជទូត/តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានសង្កត់ធ្ងន់នៅ ក្នុងកិច្ចប្រជុំបើកចំហរ របស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ស្តីពី «កិច្ចការពារជនស៊ីវិលក្នុង ជម្លោះប្រដាប់អាវុធ» ថា នៅកម្ពុជា អំពើឈ្លានពាន កាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបង្កផលវិបាក មនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ដែលក្នុងនោះជនស៊ីវិលកម្ពុជាប្រមាណ ៦៤៩ ០០០ នាក់បានរត់ភៀសសឹក ។

លោក កែវ ឈា ឯកអគ្គរាជទូត/តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៦ បានចូលរួមថ្លែងសេចក្តីថ្លែងការណ៍ នៅក្នុងកិច្ចប្រជុំបើកចំហរ របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ស្តីពី “កិច្ចការពារជនស៊ីវិលក្នុងជម្លោះប្រដាប់អាវុធ” រៀបចំដោយស្ថានបេសកកម្ម សាធារណរដ្ឋប្រជាមានិតចិន ក្នុងនាមជាប្រធាននៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប. សម្រាប់ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការអ.ស.ប. ទីក្រុងញូវយ៉ក។

នៅក្នុងសេចក្តីថ្លែងការណ៍ លោកបានគូសបញ្ជាក់អំពីគោលការណ៍ និងសារៈសំខាន់នៃការគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងកិច្ចការពារជនស៊ីវីល នៅក្នុងគ្រប់ជម្លោះប្រដាប់អាវុធ។

លោកតំណាងអចិន្ត្រៃយ៍កម្ពុជា ក៏បានលើកឡើងក្នុងកិច្ចប្រជុំ បើកចំហរ របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. អំពីការរំលោភច្បាប់ មនុស្សធម៌អន្តរជាតិ ដែលកំពុងកើតមាននៅតាមតំបន់ជាច្រើនលើពិភពលោក រួមទាំងនៅអាស៊ីអាគ្នេយ៍ ហើយបានសង្កត់ធ្ងន់ថា នៅកម្ពុជា អំពើឈ្លានពាន កាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបង្កផលវិបាកមនុស្សធម៌ យ៉ាងធ្ងន់ធ្ងរ ដែលក្នុងនោះ ជនស៊ីវិលកម្ពុជា ប្រមាណ ៦៤៩ ០០០ នាក់បានរត់ភៀសសឹក ហេដ្ឋារចនាសម្ព័ន្ធស៊ីវីល ជាច្រើនត្រូវបានបំផ្លិចបំផ្លាញ ហើយប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ៕
