DAP News
ព័ត៌មានជាតិ

បច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍ នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ មានក្តីរន្ធត់យ៉ាងក្រៃលែង ចំពោះគ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់ ចំនួន២ករណីដែលបានកើតឡើងព្រមគ្នា ដោយបណ្តាលឱ្យបងប្អូនកម្មករនិយោជិត ចំនួន១៤នាក់បានស្លាប់ និង៩៣នាក់បានរងរបួសធ្ងន់ និងស្រាល ។

អ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានលម្អិតថា គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង បានបណ្តាល ឱ្យមានជនរងគ្រោះចំនួន ៥៣នាក់ (ស្រី ៥០នាក់) ក្នុងនោះ ស្លាប់ចំនួន ៩នាក់ (ស្រី ៨នាក់) របួសធ្ងន់ចំនួន ៩នាក់ (ស្រី ៨នាក់) និងរបួសស្រាលចំនួន ៣៥នាក់ (ស្រី ៣៤នាក់) ខណៈដែលគ្រោះថ្នាក់នៅក្រុងស្វាយរៀង ខេត្តស្វាយរៀងបានបណ្តាលឱ្យមានជនរងគ្រោះចំនួន ៤០នាក់ (ស្រី ២៤នាក់) ក្នុងនោះស្លាប់ចំនួន ៥នាក់ (ស្រី ២នាក់) របួសធ្ងន់ចំនួន ៦នាក់ (ស្រី ៤នាក់) និងរបួសស្រាលចំនួន ២៩នាក់ (ស្រី ១៨នាក់)។

បន្ថែមពីនេះ អ្នកនាំពាក្យរូបនេះ បានឱ្យដឹងថាដែរថា លោករដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញក្រោមឱវាទ បាននិងកំពុងបន្តសម្របសម្រួល និងជួយយកអាសារនៅទីតាំងមន្ទីរពេទ្យនានា និងចុះទៅរៀបចំបុណ្យសព ជូនបងប្អូនកម្មករដែលទទួលរងគ្រោះដល់បាត់បង់ជីវិត ហើយទន្ទឹមនេះ មន្ត្រីជំនាញនៃបេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ បាននិងកំពុងផ្តល់អត្ថប្រយោជន៍ ជូនបងប្អូនកម្មករស្របតាមច្បាប់។

លោកស៊ុន មេសា ក៏បានអំពាវនាវយ៉ាងទទូច ឱ្យមានការគោរពច្បាប់ចរាចរណ៍ ឱ្យបានហ្មត់ចត់ ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់ ដែលធ្លាក់មកលើបងប្អូនកម្មករនិយោជិត របស់យើង ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រសួង នឹងចុះរៀបចំបុណ្យសព និងធានារាល់ការចំណាយ នៃពិធីបុណ្យសពរបស់បងប្អូនកម្មករ ។
ក្រៅពីការចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ បងប្អូនដែលជួបគ្រោះថ្នាក់ នឹងទទួលបានអត្ថប្រយោជន៍ស្របទៅតាមច្បាប់ របស់បេឡាជាតិសន្តិសុខសង្គមដែលជាការគិតគូរយ៉ាងយកចិត្តទុកដាក់ ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន មេសាដដែល៕

To Top