ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ ដល់មហាជន ដែលគាំទ្រដល់ប្រតិបត្តិការ របស់កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សម្តែងទឹកចិត្តថ្លែងអំណរគុណ ដល់មហាជន ដែលតែងតែគាំទ្រដល់ប្រតិបត្តិការ របស់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ជាពិសេសសកម្មភាពប្រើប្រាស់ឧបករណ៍សុវត្ថិភាព ។
តាមរយៈផេកផ្លូវការ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានលើកឡើងសុភាសិតថា គុកនិងសោរមានចោរទើបកើត ឱសថល្អឆើតកើតក្រោយមានរោគ ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង គូសបញ្ជាក់ថា ចាប់តាំងពីមកកាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៣ មានបទពិសោធន៍ប្រឈមមួយចំនួន បានបំផុសគំនិត ឱ្យលោកផ្តួចផ្តើមបង្កើតនូវឧបករណ៍សុវត្ថិភាព សម្រាប់ទុកចាប់ជនល្មើស ព្រមជាមួយការប្រើប្រាស់សំណាញ់ ដើម្បីចាប់ជនបែកថ្នាំ ជនល្មើសរឹងទទឹង ដែលមានកាំបិត ដំបង ពូថៅ នៅក្នុងដៃ ក៏ដូចជាជនល្មើសមាឌធំមានកម្លាំងខ្លាំង ក្នុងគោលបំណងរក្សាសុវត្ថិភាព ទាំងសមត្ថកិច្ច ទាំងជនល្មើស និងអ្នកនៅជំវិញហេតុការណ៍ ដែលគំនិតនិងឧបករណ៍នេះ លោកមិនធ្លាប់គិត ឬនឹកឃើញឡើយ កាលនៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ។
លោកបានអះអាងថា ក្នុងការដាក់បង្ហាញនូវឧបករណ៍សុវត្ថិភាពនេះដំបូង មានមតិមួយចំនួន បានសើចចំអក តែក៏មានមតិជាច្រើនបានគាំទ្រ តែនៅពេលដែលយើងយកទៅអនុវត្តជាក់ស្តែង ក្នុងប្រតិបត្តិការ ឃើញថាគំនិតច្នៃប្រឌិតនេះ ពិតជាមានប្រសិទ្ធភាព និងសុវត្ថិភាព ទទួលបានលទ្ធផលជោគជ័យ តាមគំនិតដើមដែលយើងចង់បាន ហើយឧបករណ៍ទាំងនោះ យើងក៏បានធ្វើការអភិវឌ្ឍន៍តាមសម័យកាល ព្រមទាំងបានផ្ដល់បច្ចេកទេសប្រើប្រាស់ ក៏ដូចជាឧបករណ៍សុវត្ថិភាពនោះដល់សមត្ថកិច្ចដទៃទៀតផងដែរ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងថា សូមអរគុណ គ្រប់ពាក្យពេចន៍ ពោពេញដោយថាមពល លើកទឹកចិត្តរបស់បងប្អូន បានធ្វើឱ្យយើងបំពេញភារកិច្ច ឆ្ពោះទៅមុខឥតឈប់ឈរ និងមិនរារែកចំពោះឧបសគ្គណាមួយឡើយ ។
សូមទស្សនាលទ្ធផលការងារខ្លះៗរបស់ អាវុធហត្ថរាជធានីភ្នំពេញ ក្នុងការប្រើប្រាស់ ឧបករណ៍សុវត្ថិភាព គួបផ្សំជាមួយសំណាញ់ ក្នុងប្រតិបត្តិការរយៈកាលជាង ១០ឆ្នាំកន្លងមកនេះ៕
