ព័ត៌មានជាតិ

លោក អ៊ុច បូររិទ្ធ អំពាវនាវពលរដ្ឋត្រៀមលក្ខណៈ ក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ នៅឆ្នាំ២០២៧

ត្បូងឃ្មុំ ៖ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអំពាវនាវដល់ប្រជាពលរដ្ឋត្រៀមលក្ខណៈក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ នៅឆ្នាំ២០២៧ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ប្រជាពលរដ្ឋ ដើម្បីសម្តែងឲ្យឃើញនូវសាមគ្គីភាព និងឯកភាពជាតិផ្ទៃក្នុងប្រទេសជាតិ។ ការអំពាវនាវរបស់ លោក អ៊ុច បូររិទ្ធ នាឱកាសអញ្ជើញដឹកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្មៀនឃុំ-សង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រធានភូមិ សរុប ១៦២០ នាក់ នៅក្រុង-ស្រុកទាំង៧ នៃខេត្តត្បូងឃ្មុំ រួមមាន ស្រុកមេមត់ ពញាក្រែក ត្បូងឃ្មុំ ក្រូចឆ្មារ តំបែរ អូររាំងឪ…

ត្បូងឃ្មុំ ៖ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអំពាវនាវដល់ប្រជាពលរដ្ឋត្រៀមលក្ខណៈក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ នៅឆ្នាំ២០២៧ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ប្រជាពលរដ្ឋ ដើម្បីសម្តែងឲ្យឃើញនូវសាមគ្គីភាព និងឯកភាពជាតិផ្ទៃក្នុងប្រទេសជាតិ។

ការអំពាវនាវរបស់ លោក អ៊ុច បូររិទ្ធ នាឱកាសអញ្ជើញដឹកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្មៀនឃុំ-សង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រធានភូមិ សរុប ១៦២០ នាក់ នៅក្រុង-ស្រុកទាំង៧ នៃខេត្តត្បូងឃ្មុំ រួមមាន ស្រុកមេមត់ ពញាក្រែក ត្បូងឃ្មុំ ក្រូចឆ្មារ តំបែរ អូររាំងឪ និងក្រុងសួង ចាប់ពីថ្ងៃទី២៧-២៨ ខែតុលា ឆ្នាំ២០២៦។

លោក អនុប្រធានទី១ ព្រឹទ្ធសភា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះសមាជិក សមាជិកានៃអង្គបោះឆ្នោត និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ លោក បានគូសបញ្ជាក់អំពីការធ្វើពលិកម្មដ៏ថ្លៃថ្លា និងគុណបំណាច់ដ៏ធំធេងរបស់ សម្តេចតេជោ ហ៊ុន សែន ជាមួយឥស្សរជនឆ្នើមដទៃទៀត ក្នុងដំណើរស្វែងរកដ៏លំបាកនូវសុខសន្តិភាព និងឯកភាពជាតិ ជូនជាតិមាតុភូមិ តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍកម្ពុជា រីកចម្រើនលើគ្រប់វិស័យ រហូតមកដល់ពេលបច្ចុប្បន្ន។

ក្នុងឱកាសនោះ លោក អនុប្រធានទី១ បានលើករំលឹកពីប្រវត្តិអាណាចក្រកម្ពុជា និងសារៈសំខាន់នៃសាមគ្គីភាព និងឯកភាពជាតិ។ លោក បានលើកផងដែរអំពីសភាពការណ៍ជាតិ និងអន្តរជាតិ ដោយបានគូសបញ្ជាក់ថា ចំណុចសំខាន់គឺរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដោះស្រាយសម្រួលជីវភាពរបស់ប្រជាជនកម្ពុជា បើទោះជាមានហេតុបច្ច័យ ដែលជះពីឥទ្ធិពលនៃសង្គ្រាមនៅក្រៅប្រទេស ក៏ដូចជា ទំនាស់នៅមជ្ឈឹមបូព៌ា និងអឺរ៉ុបក៏ដោយ។

ជាពិសេសទៅទៀត លោក បានរំលឹកអំពីសកម្មភាពឈ្លានពានមកលើបូរណភាពដែនដីកម្ពុជា លើភូមិខ្មែរ ដែលស្ថិតភាគខាងលិច ជាប់នឹងខ្សែបន្ទាត់ព្រំដែនថៃ និងការប្តេជ្ញាចិត្តដ៏មឹងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យភាពជាតិ និងសម្តែងមោទនភាពចំពោះសាមគ្គីភាព ឯកភាពជាតិធ្លុងមួយ ជុំវិញរាជរដ្ឋាភិបាល ជុំវិញ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីជាតិមាតុភូមិ។

លោក អ៊ុច បូររិទ្ធ បានបញ្ជាក់បន្ថែមថា ជាការគួរឲ្យសោកស្តាយ ដោយសារជនអគតិមួយចំនួន ជាពិសេសមេខ្លោងពួកអស់ទាំងនេះបានសម្តែងចេញឲ្យឃើញនូវអាកប្បកិរិយាបម្រើជនបរទេស និងបន្តុះបង្អាប់សមត្ថភាពប្រយុទ្ធរបសវិរយុទ្ធជនកម្ពុជា ដែលត្រូវបានចាត់ទុកថា ជាទង្វើ ដែលមិនអាចអត់ឱនឱ្យបាន។ ចំពោះករណីនេះ លោក បានអំពាវនាវសុំឲ្យបងប្អូនទាំងអស់កុំជឿតាមការអុជអាលរបស់ពួកអគតិ និងមេខ្លោងពួកនេះ ហើយត្រៀមលក្ខណៈក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ នៅឆ្នាំ២០២៧ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ប្រជាពលរដ្ឋ ដើម្បីសម្តែងឲ្យឃើញនូវសាមគ្គីភាព និងឯកភាពជាតិផ្ទៃក្នុងប្រទេសជាតិ។

នាឱកាសនោះ លោក ប្រធានក្រុមភូមិភាគទី២ ក៏បានប្រគល់កញ្ចប់សម្ភារ រួមមាន សម្លៀកបំពាក់ និងថ្នាំសង្កូវ ព្រមទាំងថវិកាមួយចំនួន ជូនដល់តំណាងក្រុមប្រឹក្សាឃុំ-សង្កាត់ និងប្រធានភូមិ និងបានថតរូបអនុស្សាវរីយ៍ក្នុងបរិយាកាសស្និទ្ធស្នាល៕

To Top