ព័ត៌មានជាតិ

លោក ​ហេង ​ពៅ៖ ពង្រឹងកិច្ចសហប្រតិបត្តិការកម្រិតមូលដ្ឋានរវាង ប្រទេស​​​​​​កម្ពុជា និងប្រទេសចិន តាមរយៈការអនុវត្តការទូត

Dap news

ភ្នំពេញ៖ ក្នុងបរិបទដែលប្រទេសកម្ពុជាកំពុងជំរុញការអនុវត្ត “យុទ្ធសាស្ត្របញ្ចកោណ” និង ពន្លឿនសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ការបើកទូលាយទៅក្រៅប្រទេស និង ការទាក់ទាញវិនិយោគបរទេស បានក្លាយជាកម្លាំងចលករសំខាន់សម្រាប់ការអភិវឌ្ឍជាតិ។ ទន្ទឹមនឹងនេះ ការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិក្រៅក្របខណ្ឌអាស៊ានឱ្យកាន់តែទូលំទូលាយ និង ការពង្រឹងការតភ្ជាប់ជាមួយធនធានសកល ក៏កំពុងក្លាយជាទិសដៅសំខាន់មួយនៃការងារការទូតរបស់កម្ពុជាផងដែរ។

នៅក្នុងដំណើរការនេះ លោក ហេង ពៅ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងស៊ីអានប្រទេសចិន ​បានជំរុញយ៉ាងសកម្ម នូវការផ្លាស់ប្តូររវាងមូលដ្ឋាន និង មូលដ្ឋាន​ កិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងការ ផ្លាស់ប្តូរប្រជាជន​និង​ប្រជាជន​រវាងកម្ពុជា និងចិន ដោយផ្អែកលើបទពិសោធន៍ជា ច្រើនឆ្នាំរបស់លោកក្នុងវិស័យ​ការទូតថ្នាក់មូលដ្ឋាន​ និង​ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

លោកបានក្លាយជាអ្នកជំរុញ និងជាសាក្សី ដ៏សំខាន់នៃដំណើរការនេះ។ មិត្តភាពដែកថែបកម្ពុជា-ចិន ឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក ប្រទេសកម្ពុជា និងប្រទេសចិនរក្សាបាននូវ ទំនុកចិត្តគ្នាកម្រិតខ្ពស់ទៅវិញទៅមកលើផ្នែកនយោបាយ ។

ភាគីទាំងពីរបានរក្សា​ជំហរ​គាំទ្រគ្នាទៅវិញទៅមក លើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់ប្រទេសទាំងពីរ។ ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្រ និង ចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ភាពជាដៃគូសហ ប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ត្រូវបានបន្តធ្វើ​ឱ្យ​ស៊ី​ជំរៅ​ ដើម្បី​រួមគ្នា​កសាង​សហគមន៍វាសនារួមកម្ពុជា-ចិនគ្រប់​រដូវកាល​ក្នុងយុគសម័យថ្មី ។
ក្រោមទិដ្ឋភាព​នៃ​ការបន្ស៊ី​គ្នាកាន់តែស៊ីជម្រៅរវាង “យុទ្ធសាស្ត្របញ្ចកោណ”របស់​កម្ពុជា និង “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ”របស់​ចិន កិច្ចសហប្រតិបត្តិការទ្វេភាគី ត្រូវ​បានពង្រឹង និងពង្រីកបន្ថែមជាបន្តបន្ទាប់។ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំជាងគេ ប្រទេសប្រភពវិនិយោគធំជាងគេ​ និង ប្រទេស​ប្រភពទេសចរណ៍សំខាន់របស់កម្ពុជាជាច្រើន​ឆ្នាំ​មក​នេះ​។

លោកអគ្គកុងស៊ុល ហេង ពៅ បាន សង្កត់​ធ្ងន់​ជាច្រើន​ដង​ថា ភាពរស់រវើកពិតប្រាកដនៃ”មិត្តភាពដែកថែប”នេះ មិនត្រឹមតែត្រូវ​បាន​បង្ហាញ​ក្នុង​ការ​ឯកភាពគ្នាជាយុទ្ធសាស្ត្រនៅថ្នាក់ជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏​ត្រូវ​បាន​បង្ហាញ​នៅក្នុងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងជាក់ស្តែងនៅ​ថ្នាក់មូលដ្ឋាន​ និងរវាងប្រជាជននិងប្រជាជនផងដែរ។ បទពិសោធន៍ជាច្រើនឆ្នាំរបស់លោក ជាមន្ត្រី​កុងស៊ុល​ប្រចាំនៅទីក្រុងស៊ីអានប្រទេសចិន គឺជាការឆ្លុះបញ្ចាំងដ៏ពិតប្រាកដនៃគោលគំនិតនេះ។

ពង្រីកកិច្ចសហប្រតិបត្តិការរវាង​កម្ពុជា​ និង តំបន់ភាគខាងលិចនៃប្រទេសចិន ដោយប្រើប្រាស់ទីក្រុងស៊ីអានជាចំណុចស្នូល ក្នុងនាមជាទីក្រុងស្នូលមួយនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ទីក្រុងស៊ីអានប្រទេសចិនមាន សក្ដានុពល​សេដ្ឋកិច្ចបើកចំហទៅកាន់អាស៊ីកណ្តាល អាស៊ាន និងពិភពលោក។

ទីក្រុងនេះមានសមត្ថភាពឧស្សាហកម្មលេចធ្លោ និងសម្បូរដោយធ​នធានវិទ្យាសាស្ត្រ និងការអប់រំ ក្នុង​វិស័យដូចជា ព័ត៌មានវិទ្យា អេឡិចត្រូនិក យានយន្តថាមពលថ្មី ភស្តុភារទំនើប បច្ចេកវិទ្យាឌីជីថល ជីវវេជ្ជសាស្ត្រ និងអវកាស ។ល។ ដែលបានធ្វើឱ្យទីក្រុងស៊ីអានក្លាយជាដៃគូសំខាន់សម្រាប់ប្រទេសកម្ពុជា ក្នុងការលើកកម្ពស់ដំណើរការឧស្សាហូបនីយកម្មរបស់ខ្លួន និងការនាំយកបច្ចេកវិទ្យាទំនើបៗចូលក្នុងស្រុក។

លោកអគ្គកុងស៊ុល ហេង ពៅ បានយល់ដឹងយ៉ាងច្បាស់​អំពីតម្លៃនៃច្រកយុទ្ធសាស្ត្រនេះ។លោកបានខិតខំ​លើកកម្ពស់ការចូលរួមរបស់ប្រទេសកម្ពុជា នៅក្នុងសកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មផ្សេងៗនៅក្នុងខេត្តសានស៊ី(Shaanxi)ដោយបានផ្សព្វផ្សាយនូវឱកាសវិនិយោគនៅ​ប្រទេសកម្ពុជាក្នុងវិស័យផលិតកម្ម កសិកម្ម សួនឧស្សាហកម្ម និងទេសចរណ៍ ដើម្បីជួយប្រទេសកម្ពុជាទាក់ទាញការចាប់អារម្មណ៍ និងការវិនិយោគរបស់សហគ្រាសនៅភាគខាងលិចប្រទេសចិន។

នៅក្នុង “សន្និសីទអភិវឌ្ឍន៍សហប្រតិបត្តិការវិនិយោគសេដ្ឋកិច្ច និងពាណិជ្ជកម្ម ស៊ីអាន+ អាស៊ាន + មជ្ឈិមបូព៌ា + អឺរ៉ុប ឆ្នាំ២០២៦” ដែលបានធ្វើឡើងកាល​ពី​ខែមេសា ឆ្នាំ២០២៦ នេះ គណៈប្រតិភូកម្ពុជាបានបញ្ជាក់ពីសក្ដានុពល​ភូមិសាស្ត្រក្នុងតំបន់និងសក្តានុពលឧស្សាហកម្មនៃប្រទេសកម្ពុជា ដោយ​បានទទួលការឆ្លើយតបជាវិជ្ជមានពីភាគីជាច្រើន​។

លើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យចេញជារូបរាង នាំចូលធនធានសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជាព្រឹត្តិការណ៍វប្បធម៌ដូចជា “ផ្សារម្ហូបអាហារអាស៊ាន” ត្រូវបានធ្វើឡើងនៅទីក្រុងស៊ីអានប្រទេសចិន ដោយនាំយកវប្បធម៌កម្ពុជា មកជូនប្រជាជននៅភាគខាងលិចប្រទេសចិន និង លើកកម្ពស់ការស្វែងយល់គ្នាទៅវិញទៅមក និង ពង្រឹងបន្ថែមនូវមិត្តភាពរវាងប្រជាជន​ប្រទេសទាំងពីរ។

ជិតចប់អាណត្តិ មនោសញ្ចេតនាលោកនៅតែជាប់ជាមួយប្រទេសទាំងពីរ អាណត្តិរបស់លោកអគ្គកុងស៊ុល ហេង ពៅ ជិតដល់ទីបញ្ចប់ហើយ។ ប្រសិនបើ ក្រឡេកមើលទៅក្រោយ អស់រយៈពេលជាច្រើនឆ្នាំ ដែលលោកបានបំពេញការងារ នៅទីក្រុងស៊ីអាន លោកបានទទួលស្គាល់ដោយស្មោះត្រង់ថា បទពិសោធន៍នេះ គឺជាជំពូកដ៏មានតម្លៃបំផុតមួយនៅក្នុងជីវិត​ការទូតរបស់លោក។

“មិត្តភាពរវាងកម្ពុជា និងចិន មានឫសគល់ចាក់តាំងពីបុរាណកាល ហើយត្រូវបានបីបាច់រក្សាឲ្យមានភាពរឹងមាំនៅក្នុងបច្ចុប្បន្នកាល និង បន្តរីកចម្រើនកាន់តែស៊ីជម្រៅនាពេលអនាគត។ យើងនឹងបន្តដើរតួនាទីជាស្ពានតភ្ជាប់ លើកកម្ពស់ការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាបន្តបន្ទាប់រវាងភាគីទាំងពីរ ដើម្បីធ្វើឱ្យ​ប្រជាជននៃប្រទេសទាំងពីរទទួលបានអត្ថប្រយោជន៍ជាក់ស្តែងកាន់តែច្រើនពីមិត្តភាពនេះ”។

​មន្ត្រីការទូតដែលបាន និងកំពុងបំពេញការងារយ៉ាងសកម្ម និងជាក់ស្តែងដូចលោកអគ្គកុងស៊ុល ហេង ពៅ នេះហើយ ដែលបានធ្វើឱ្យមិត្តភាពកម្ពុជា-ចិន មិនត្រឹមតែស្ថិតនៅក្នុងកម្រិតនៃសុន្ទរកថា ឬ ទស្សនវិស័យធំៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញលទ្ធផលជាក់ស្តែងតាមរយៈការផ្សព្វផ្សាយវិនិយោគរាល់លើក​ ការបញ្ជាទិញផលិតផលកសិកម្មនីមួយៗ និង និស្សិតគ្រប់គ្នា​ដែលទៅសិក្សានៅប្រទេសចិនផងដែរ៕

To Top