ព័ត៌មានជាតិ

លោក សុខ សូកេន ចុះជំរឿនមន្ត្រីជាក់ស្តែងតាមរចនាសម្ព័ន្ធអង្គភាពនានា របស់ក្រសួងអធិការកិច្ច ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី

ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញទទួលស្វាគមន៍ និងអមដោយ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ចុះពិនិត្យសកម្មភាពជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពនានាក្រោមឱវាទក្រសួងអធិការកិច្ច នៅទីស្តីការក្រសួង
ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។

ក្នុងដំណើរការនៃការធ្វើជំរឿននៅក្រសួងអធិការកិច្ច លោករដ្ឋមន្រ្តី បានអញ្ជើញចូលរួមធ្វើជំរឿនដោយផ្ទាល់ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងអធិការកិច្ចជាបន្តបន្ទាប់ ដើម្បីធ្វើជំរឿនដោយផ្ទាល់ តាមការកំណត់ដោយគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ និងក្រុមការងារចុះជំរឿនរបស់ក្រសួងអធិការកិច្ច។

សូមជម្រាបជូនផងដែរថា ដំណើរការចុះជំរឿនរយៈពេល ២ថ្ងៃ របស់ក្រសួងអធិការកិច្ច ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ គឺធ្វើឡើងដើម្បីអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការធ្វើជំរឿនមន្ត្រីរាជការស៊ីវិលទូទាំងប្រទេសរបស់ក្រសួងមុខងារសាធារណៈ សំដៅផ្ទៀងផ្ទាត់ទិន្នន័យក្នុងប្រព័ន្ធព័ត៌មាន ឱ្យស្របនឹងចំនួនមន្ត្រីដែលកំពុងបំពេញភារកិច្ចជាក់ស្តែង។

ការងារដ៏មានសារៈសំខាន់នេះ មិនត្រឹមតែជាការចូលរួមចំណែកក្នុងយុទ្ធសាស្ត្រកំណែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រឹះដ៏សំខាន់ក្នុងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធផ្ទៃក្នុង ដើម្បីធានាបាននូវតម្លាភាព គណនេយ្យភាព និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងផងដែរ៕

To Top