DAP News
ព័ត៌មានជាតិ

កម្ពុជា បដិសេធចំពោះព័ត៌មានក្លែងក្លាយ រឿងបិទច្រកជើងហោះហើរចូលកម្ពុជា និងហាមឃាត់អ្នកដំណើរបរទេស

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជាំ បានបដិសេធទាំងស្រុងចំពោះការប្រឌិតព័ត៌មានក្លែងក្លាយ រឿងបិទច្រកជើងហោះហើរចូលកម្ពុជា និងហាមឃាត់អ្នកដំណើរបរទេស ដែលមានអាយុក្រោម ៤០ឆ្នាំទាំងអស់។

យោងតាមសេចក្ដីបំភ្លឺព័ត៌មានរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ មានការផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គម We Chat ថា អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា បានបិទការចូលប្រទេសទាំងស្រុង ជាបណ្តោះអាសន្ន និងរឹតបន្តឹងច្រកព្រំដែនគោក ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ ព្រមទាំងហាមឃាត់អ្នកដំណើរបរទេស ដែលមានអាយុក្រោម៤០ឆ្នាំទាំងអស់ មិនថាប្រុស ឬស្រី ទោះមានទិដ្ឋាការ ឬឯកសារអាជីវកម្មក៏ដោយ។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានបដិសេធទាំងស្រុងចំពោះការប្រឌិតព័ត៌មានក្លែងក្លាយ និងចាត់ទុក ការផ្សព្វផ្សាយទាំងនេះ ជាការមួលបង្កាច់ បំភ្លៃការពិត នាំឱ្យមានការភាន់ច្រឡំក្នុងចំណោមសាធារណមតិអន្តរជាតិ ធ្វើឱ្យ ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជា ជារដ្ឋមួយពុំដែលរើសអើងជាតិសាសន៍នានាក្នុងទំនាក់ទំនងអន្តរជាតិ។

ក្រសួងមហាផ្ទៃ សូមបញ្ជាក់ថា នគរបាលអន្តោប្រវេសន៍កម្ពុជា គ្មានគោលការណ៍រឹតបន្តឹង ហាមឃាត់ជនបរទេសស្របច្បាប់ ដែលមានអាយុក្រោម៤០ឆ្នាំ មិនឱ្យចូលមកកម្ពុជានោះឡើយ ពោលគឺគ្រប់សមាសភាព នៃជនបរទេសដែលបំពេញលក្ខខណ្ឌត្រឹមត្រូវទាំងអស់ សុទ្ធតែទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីកម្ពុជា ជាពិសេសភ្ញៀវទេសចរបរទេស អ្នកវិនិយោគ អាជីវករ ពាណិជ្ជករ និងពលករបរទេសដទៃទៀត។

ជាក់ស្តែង កម្ពុជាបានផ្តល់ការលើកលែងទិដ្ឋាការសាកល្បងដល់ពលរដ្ឋចិន ដោយផ្តល់រយៈពេលស្នាក់នៅចំនួន១៤ថ្ងៃ ក្នុងអំឡុងពេល៤ខែ ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។

ជាថ្មីម្តងទៀត ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ថា នៅតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារ អន្តរជាតិសំខាន់ៗនៅកម្ពុជា ទាំងផ្លូវអាកាស និងផ្លូវគោក កំពុងដំណើរការបំពេញបែបបទចេញ-ចូលប្រទេសជាប្រក្រតី ពោលគឺពុំមានការផ្លាស់ប្តូរណាមួយ ដែលធ្វើឱ្យរាំងស្ទះដល់ការធ្វើដំណើរចេញ-ចូលរបស់ជនបរទេសមកកម្ពុជា ដូចការប្រឌិតឡើយ៕

To Top