ព័ត៌មានជាតិ

ករណីអ្នកជិតខាង ប្តឹងគ្រូបង្រៀនគួរក្រៅម៉ោង ដោះស្រាយរួចរាល់ហើយ

ភ្នំពេញ ៖ ក្រោយមានការជជែកវែកញែកគ្នា រឿងពាក្យបណ្តឹងប្តឹងគ្រូបង្រៀនគួរក្រៅម៉ោងរំខានដល់អ្នកជិតខាងនោះ ត្រូវបានអាជ្ញាធរដោះស្រាយសម្របសម្រួលគ្នារួចរាល់ហើយ នៅព្រឹកថ្ងៃទី១ មិថុនា ។

យោងតាមសេចក្តីបំភ្លឺរបស់រដ្ឋបាលខណ្ឌកំបូល នៅថ្ងៃ១ មិថុនា បានឱ្យដឹងថា ថ្មីៗនេះ មានគណនី និងផេកបណ្តាញសង្គមហ្វេសបុក និងតិកតុកមួយចំនួន បានផ្សព្វផ្សាយលិខិតអញ្ជើញចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ របស់រដ្ឋបាលខណ្ឌកំបូល អញ្ជើញឈ្មោះ ចាន់ សុភា គ្រូបង្រៀនក្រៅម៉ោង ចូលរួមកិច្ចប្រជុំដោះស្រាយពាក្យសំណើសុំអន្តរាគមន៍របស់ឈ្មោះ ឡេង ដារ៉ា និងឈ្មោះ លី សុខជា ករណីបើកសាលារៀនរំខានដល់ការរស់នៅ ស្ថិតនៅភូមិពង្រ សង្កាត់ស្ងោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ពាក់ព័ន្ធការផ្សព្វផ្សាយនេះ រដ្ឋបាលខណ្ឌកំបូលបញ្ជាក់ថា នៅព្រឹកថ្ងៃទី១ មិថុនា លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំង និងដឹកនាំកិច្ចប្រជុំសម្រុះសម្រួលនៅទីតាំងជាក់ស្តែង។ តាមរយៈការចុះពិនិត្យទីតាំងជាក់ស្តែងឃើញថា ទីតាំងខាងលើជាផ្ទះល្វែង បើកបង្រៀនគួរក្រៅម៉ោង ចាប់ពីម៉ោង១៧ដល់ម៉ោង២០ ហើយនៅជាប់ជាមួយនឹងផ្ទះ ឈ្មោះ ឡេង ដារ៉ា។ ផ្អែកតាមការលើកឡើងរបស់ឈ្មោះ លី សុខជា និងឈ្មោះ ឡេង ដារ៉ា ជាភាគីម្ចាស់បណ្ដឹង។

លិខិតបញ្ជាក់ថា ការប្តឹងនោះ ពុំមានចេតនាប្តឹង ដើម្បីស្នើសុំបិទទីតាំងបង្រៀនគួរក្រៅម៉ោងទេ គ្រាន់តែសំណូមពរឱ្យកែសម្រួលចំណុច មួយចំនួនដែលរំខានដល់ការរស់ប្រចាំថ្ងៃប៉ុណ្ណោះ ដោយកន្លងមក សិស្សមករៀនចតកង់ម៉ូតូ គ្មានសណ្តាប់ធ្នាប់ ហើយសិស្សរៀនគួរម៉ោងបន្ទាប់ តែងលេងបាល់ និងជិះកង់ម៉ូតូទៅវិញទៅមកដែលអាចបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។ ជាមួយគ្នានេះ ឈ្មោះ ឡេង ដារ៉ា មានជំងឺប្រចាំកាយ និងមានម្តាយចាស់ជរានៅផ្ទះ ហើយការបង្រៀនតែងអូសតុ កៅអី បង្កសំឡេងរំខាន ។

ផ្អែកតាមការសម្រុះសម្រួលពីលោក ឃឹម ស៊ុនសូដា គូភាគីបានឯកភាពគោរពតាមគោលការណ៍ចំនួន៥ចំណុច ៖ ឈ្មោះ ចាន់ សុភា (គ្រូបង្រៀន) ធ្វើការកែសម្រួលចំណតទីតាំងកង់ ម៉ូតូ និងណែនាំដល់សិស្សដែលមករៀន ឱ្យមានសណ្តាប់ធ្នាប់ល្អ , កែសម្រួលសំឡេងរំខានខាងក្នុងកុំឱ្យរំខានទៀត , ណែនាំសិស្សក្នុងពេលរៀនចប់ឱ្យប្រញ៉ាប់ត្រឡប់ទៅផ្ទះវិញ , ស្នើសុំឱ្យអ្នកជិតខាងមានការយោគយល់គ្នា អធ្យាស្រ័យគ្នា ក្លាយជាអ្នកជិតខាងល្អ និងអាជ្ញាធរសង្កាត់-ភូមិ ត្រូវធ្វើការតាមដានសកម្មភាពរបស់សិស្សដែលមករៀន៕

To Top