គុយវ៉ែតថា ប្រព័ន្ធការពារដែនអាកាស បានស្ទាក់ចាប់ការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់សត្រូវ
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KUNA របស់ប្រទេសគុយវ៉ែត បានរាយការណ៍ដោយដកស្រង់សម្តីកងទ័ពរបស់ប្រទេសដែលមិនបាននិយាយថា ការគំរាមកំហែងទាំងនោះមកពីណានោះទេ ដោយគ្រាន់តែថា ការការពារដែនអាកាសរបស់ប្រទេសគុយវ៉ែតបានស្ទាក់ចាប់ការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់សត្រូវនៅថ្ងៃពុធ ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ថា ទីភ្នាក់ងារសារព័ត៌មាន KUNA បានដកស្រង់សម្តីអគ្គសេនាធិការកងទ័ពថា ការផ្ទុះណាមួយដែលបានឮគឺបណ្តាលមកពីការស្ទាក់ចាប់ ហើយបានជំរុញឱ្យសាធារណជនអនុវត្តតាមការណែនាំសុវត្ថិភាព និងជៀសវាងពីកម្ទេចកម្ទី ឬវត្ថុដែលមិនស្គាល់អត្តសញ្ញាណ។
សេចក្តីថ្លែងការណ៍ទាំងនេះបានកើតឡើងភ្លាមៗបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា សំឡេងផ្ទុះត្រូវបានឮនៅក្នុងតំបន់កោះ Qeshm ដោយមិនបាននិយាយអំពីមូលហេតុនោះទេ។
ក្រសួងមហាផ្ទៃប្រទេសបារ៉ែនវិញ ក៏បាននិយាយផងដែរថា ស៊ីរ៉ែនព្រមានត្រូវបានបន្លឺឡើង ហើយបានជំរុញឱ្យប្រជាពលរដ្ឋ និងប្រជាជនរក្សាភាពស្ងប់ស្ងាត់ ហើយទៅកាន់កន្លែងដែលមានសុវត្ថិភាពដែលនៅជិតបំផុត។
ប្រទេសគុយវ៉ែតបានរាយការណ៍ពីការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់សត្រូវជាច្រើនលើកក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ រួមទាំងឧប្បត្តិហេតុដែលក្រោយមកខ្លួនបានពិពណ៌នាថាជារបស់អ៊ីរ៉ង់ ប៉ុន្តែខ្លួនមិនបានកំណត់អត្តសញ្ញាណប្រភពនៃការគំរាមកំហែងនៅថ្ងៃពុធនោះទេ៕
ប្រែសម្រួលៈ ណៃ តុលា
