Feature

មន្ដ្រីបរិស្ថាន រកឃើញទីតាំងដីរងការទន្រ្ទានថ្មី និងដីអាស្រ័យផល ១៤០ទីតាំង ក្នុងខេត្តសៀមរាប

ភ្នំពេញ ៖ មន្រ្តីបរិស្ថាន បានសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បាននឹងកំពុងចុះអនុវត្ដការងារទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ និងបានរកឃើញទីតាំងដីរងការទន្រ្ទានថ្មី និងទីតាំងដីអាស្រ័យផល ចំនួន ១៤០ទីតាំង ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពកនិងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ក្នុងភូមិសាស្រ្តខេត្តសៀមរាប។

នៅដែនជម្រកសត្វព្រៃបឹងពែរ ក្រុមការងារបង្រ្កាបបទល្មើសធនធានធម្មជាតិ បានធ្វើការចុះល្បាតពិនិត្យជាក់ស្ដែងឃើញមានទីតាំងដីរងការទន្រ្ទានថ្មី និងទីតាំងដីអាស្រ័យផលក្នុងតំបន់ការពាចុះរធម្មជាតិ សរុបចំនួន ១២៩ទីតាំង ស្មើនឹងទំហំផ្ទៃដី៣៣០,០៩ហិកតា។

នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក្រុមការងារបង្រ្កាបបទល្មើសធនធានធម្មជាតិ បានធ្វើការចុះល្បាតពិនិត្យជាក់ស្ដែងឃើញ មានទីតាំងដីរងការទន្រ្ទានថ្មី និងទីតាំងដីអាស្រ័យផលក្នុងតំបន់ការពារធម្មជាតិ សរុបចំនួន ១០ទីតាំង ស្មើនឹង ទំហំផ្ទៃដី១៨,៥៣ហិកតា។ បន្ទាប់មនៅដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ក្រុមការងារបង្រ្កាបបទល្មើសធនធានធម្មជាតិ បានធ្វើការចុះល្បាតពិនិត្យជាក់ស្ដែងឃើញមាន ទីតាំងដីរងការទន្រ្ទានថ្មី សរុបចំនួន ១ទីតាំង ស្មើនឹង ទំហំផ្ទៃដី០,២៥ហិកតា។

សូមបញ្ជាក់បទល្មើសខាងលើ គឺល្មើសនឹងក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា៨៥១ ចំណុច(ច)កាប់គាស់ ឬរុករានដីព្រៃ ឬឆ្ការដុត ឬឈូសឆាយដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិ។ ចំពោះអ្នកប្រព្រឹត្តបទល្មើស ត្រូវបានក្រុមការងារនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិខាងជើងបឹងទន្លេសាប មន្ទីរបរិស្ថានខេត្តសៀមរាប នឹងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ធ្វើការស៊ើបអង្កេត និងនាំខ្លួនជនល្មើស យកមកទទួលខុសត្រូវចំពោះមុខច្បាប់ ជាធរមាន។

ប្រតិបត្តិការអនុវត្តច្បាប់នេះ បានប្រព្រឹត្តទៅក្នុងអំឡុងខែមីនា និងខែមេសាឆ្នាំ២០២៦ ដើម្បីការពារគម្របព្រៃឈើឱ្យនៅគង់វង្ស ដែលគាំទ្រផ្ទាល់ដល់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលជាមូលដ្ឋានគ្រឹះនៃសសរស្តម្ភ «ភាពបៃតង»៕

To Top