អ្នកនាំពាក្យ ៖ ប្រជាជាតិខ្មែរ កំពុងឈរនៅលើជំហរឯកភាពជាតិ
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ប្រជាជាតិខ្មែរកំពុងឈរនៅលើជំហរឯកភាពជាតិ ដ៏រឹងមាំមួយឆ្ពោះទៅរកការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ។
ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦លោក ប៉ែន បូណា ថ្លែងថា ជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចចាប់ផ្តើមប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS បានទទួលការគាំទ្រយ៉ាងពេញទំហឹងពីស្ថាប័នកំពូលរបស់ជាតិ ក្រសួង ស្ថាប័ន រហូតរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

លោកថា “អាចនិយាយបានថា ប្រជាជាតិខ្មែរកំពុងឈរនៅលើជំហរឯកភាពជាតិដ៏រឹងមាំមួយឆ្ពោះទៅការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការផ្សះផ្សារដោយភាគីអន្តរជាតិ និងស្របតាមច្បាប់អន្តរជាតិ ដើម្បីទទួលបានដំណោះស្រាយមួយត្រឹមត្រូវ យុត្តិធម៌ និងយូរអង្វែងសម្រាប់ប្រជាជាតិទាំងពីរ ក៏ដូចជាសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ទាំងមូល” ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសពីការចាប់ផ្តើមប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ UNCLOS ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ ក្រោយរាជរដ្ឋាភិបាលថៃបានប្រកាសដកខ្លួន ជាឯកតោភាគីចេញពីអនុស្សារណយោគយល់គ្នាឆ្នាំ២០០១ ស្តីពីដែនសមុទ្រត្រួតស៊ីគ្នា។
នៅពេលដែលរាជរដ្ឋាភិបាលថៃបានប្រកាសថា នឹងដកខ្លួនចេញពីក្របខណ្ឌទ្វេភាគីដ៏យូរអង្វែងនេះ កម្ពុជាបានស្នើឱ្យភាគីថៃពិចារណាឡើងវិញ ប៉ុន្តែជាការគួរឱ្យសោកស្តាយ ភាគីថៃនៅតែសម្រេចចិត្តដើរចេញពីក្របខណ្ឌទ្វេភាគីនេះដដែល ទើបកម្ពុជាជ្រើសរើសយកយន្តការផ្សះផ្សារដោយបង្ខំ ៕
