Feature

ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន

ក្រុង Yiwu ដែលស្ថិតនៅភាគកណ្តាលនៃខេត្ត ជឺជាំង ប្រទេសចិន ជាកន្លែងដែលគ្មានអំណោយផលពីធនធានធម្មជាតិដ៏សម្បូរបែបឬឧត្តមភាពផ្នែកទីតាំងភូមិសាស្ត្រនោះទេ ពោលគឺមិនមែនជាទីក្រុងកំពង់ផែ មិនស្ថិតនៅក្បែរទីរួមខេត្ត មិននៅជាប់នឹងព្រំដែន ឯផ្ទៃដីដាំដុះគិតជាមធ្យមក្នុងមនុស្សម្នាក់ៗមានទំហំមិនដល់០,០៣ ហិកតា តាំងពីដើមមកមិនដែលត្រូវបានចាត់ទុកជាកន្លែងសម្បូរហូរហៀរនៅខេត្ត ជឺជាំង នោះទេ។ ប៉ុន្តែបច្ចុប្បន្ននេះ ពេលនិយាយដល់ក្រុងYiwu មិនត្រឹមតែជនជាតិចិនប៉ុណ្ណោះទេ សូម្បីពាណិជ្ជករនៃប្រទេសជាច្រើនក៏ស្គាល់ច្បាស់ពីទីក្រុងដ៏តូចមួយនេះដែរ ហើយលើកមេដៃកោតសរសើរព្រមៗគ្នាចំពោះការអភិវឌ្ឍនៃទីក្រុងនេះ។ 

ក្នុងឆ្នាំ២០២៥ ទំហំនាំចេញ-នាំចូលសរុបរបស់ក្រុងYiwu ត្រូវជា៨៣៦.៥ ប៊ីលានយាន់ប្រាក់ចិន ហើយនៅត្រីមាសទី១ ឆ្នាំ២០២៦ ទំហំនាំចេញ-នាំចូលសរុបរបស់ក្រុងYiwu ត្រូវជា២០៩.៣ ប៊ីលានយាន់ប្រាក់ចិន កើនឡើង២៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៥ ដែលបានបង្កើតកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ។ មូលហេតុអ្វីទៅដែលនាំឱ្យទីក្រុងដែលមិនប្រកបដោយលក្ខណសម្បត្តិពិសេសអ្វីសោះ ហើយពីមុនក៏គ្មានសេដ្ឋវិទូណាម្នាក់ដែលយល់ឃើញថាអាចអភិវឌ្ឍបានល្អ បែរជាក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ខេត្ត ជឺជាំង បែបនេះ?

ជាបឋម យើងមកស្វែងយល់ពីពេលវេលានៃការលេចចេញជារូបរាងនៃ«ផ្សារផលិតផលតូច»(small commodities) របស់ក្រុងYiwu។ រូបរាងដំបូងនៃ«ផ្សារផលិតផលតូច»ក្រុងYiwu គឺផ្តើមចេញពីការដោះដូរអីវ៉ាន់គ្នា ក្នុងនោះ ការ«យកស្ករដូរជាមួយរោមមាន់»ជារបៀបដោះដូរគ្នាដ៏ពេញនិយមបំផុតក្នុងជំនាន់ទសវត្សរ៍ឆ្នាំ៧០-៨០ ពោលគឺឈ្មួញស្ករយកស្ករក្រហម

ទៅដូរយករោមមាន់របស់អ្នកភូមិដើម្បីយកទៅធ្វើជាជីសម្រាប់ដាក់ស្រែចម្ការ។ ឯការលក់ដូរទៀតសោត គឺចល័តតាមចិញ្ចើមផ្លូវ។ លុះដល់ឆ្នាំ១៩៨២ គណៈកម្មការបក្សប្រចាំស្រុកYiwu បានដាក់ចេញសេចក្តីសម្រេចចិត្តដ៏កម្រមួយ ពោលគឺបើកឱ្យមាន«ផ្សារផលិតផលតូច»ដោយបានសង់រោងឱ្យអាជីវករខ្នាតតូចលក់ដូរទំនិញកំប៉ិកកំប៉ុកគ្រប់ប្រភេទ។ អ្វីដែលគួរបញ្ជាក់គឺថា កាលពីជំនាន់នោះ ពាក្យថា«សេដ្ឋកិច្ចទីផ្សារ»ជារឿងចម្លែកសម្រាប់មនុស្សទូទៅ ដូច្នេះការអនុញាតឱ្យមាន«ផ្សារផលិតផលតូច» គឺតម្រូវឱ្យអ្នកសម្រេចចិត្តខាងគោលនយោបាយមានទំនួលខុសត្រូវខ្ពស់និងមានសេចក្តីក្លាហានក្នុងការសម្រេចចិត្ត។

ស្របនឹងការអភិវឌ្ឍខ្លាំងឡើងៗនៃទីផ្សារ ការអភិវឌ្ឍនៃ«ផ្សារផលិតផលតូច»របស់ក្រុងYiwu ត្រូវបង្អង់ល្បឿនដោយសារជួបនឹងបញ្ហាមួយចំនួន។ លុះដល់ឆ្នាំ២០០៦ ខណៈពេលដែលលោក ស៊ី ជីនភីង ដែលកាលនោះមានមុខតំណែងជាលេខាធិការបក្សខេត្ត ជឺជាំង បានអញ្ជើញចុះត្រួតពិនិត្យនិងស្វែងយល់ការងារនៅក្រុងYiwu ក៏សង្កេតឃើញពីបញ្ហាដែលរាំងស្ទះដល់ការអភិវឌ្ឍរបស់ក្រុងYiwu ពោលគឺគ្មានការគាំទ្រពីគោលនយោបាយថ្មី។ លោកបានលើកឧទាហរណ៍ថា ការអភិវឌ្ឍ«ផ្សារផលិតផលតូច»របស់ក្រុងYiwu គឺដូចជា«ការដូរសម្លៀកបំពាក់ថ្មីដែលធំល្មមឱ្យកូនក្មេង ព្រោះកូនក្មេងធំធាត់លឿនណាស់ បើនៅតែស្លៀកសម្លៀកបំពាក់ចាស់ដដែលៗវានឹងតឹងចង្អៀត ហើយរារាំងដល់ការលូតលាស់របស់ក្មេងៗ។ ឯទីផ្សារដែលកំពុងអភិវឌ្ឍខ្លាំង បើគោលនយោបាយតាមមិនទាន់ទេ វាក៏នឹងរារាំងដល់ការវិវឌ្ឍរីកចម្រើនដែរ»។

អនុសាសន៍របស់លោក ស៊ី ជីនភីង ជាការចង្អុលបង្ហាញទិសដៅសម្រាប់ការបង្កើតជា«បទពិសោធអភិវឌ្ឍន៍Yiwu » ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍរបស់ក្រុងYiwu ក្នុងយុគសម័យថ្មី។ រដ្ឋបាលខេត្ត ជឺជាំង បានធ្វើប្រតិភូកម្មសិទ្ធិអំណាចដែលមិនធ្លាប់មានទៅឱ្យក្រុងYiwu ដើម្បីអភិវឌ្ឍដោយស្វ័យភាព។ រដ្ឋបាលផ្តល់ការគាំទ្រខាងគោលនយោបាយ ចំណែកអាជីវករខិតខំច្នៃប្រឌិតផលិតផលថ្មីៗ ពោលគឺ«បើគ្មានត្រូវបង្កើតឱ្យមាន» និងកែច្នៃរបស់មិនបានការឱ្យទៅជាផលិតផលដែលអាចលក់ដូរបាន។

ក្រុងYiwu ហ៊ានធ្វើហ៊ានសាកល្បង រូបមន្ត«ត្រួតពិនិត្យរួចសឹមដាក់កេស»របស់គយក្រុងYiwu បានលើកកម្ពស់ប្រសិទ្ធភាពនៃការនាំចេញទំនិញច្រើនប្រភេទដែលដាក់លាយឡំគ្នាក្នុងកេសតែមួយ ពោលគឺទំនិញស្របតាមស្តង់ដាទើបអនុញ្ញាតឱ្យដាក់កុងតឺន័រនាំចេញ ដែលបានកាត់បន្ថយការបង្វិលទំនិញត្រឡប់មកវិញពីសំណាក់គយបរទេស។ រូបមន្តមួយនេះក៏ត្រូវបានអនុវត្តនៅទីផ្សារជាង៣០ ទូទៅប្រទេសចិន ដែលធ្វើឱ្យការនាំចេញទំនិញតូចៗកាន់តែងាយស្រួលនិងឆាប់រហ័ស។

«បទពិសោធអភិវឌ្ឍន៍Yiwu» គឺការធ្វើកំណែទម្រង់ឥតឈប់ឈរ ស្របនឹងការវិវឌ្ឍរីកចម្រើននៃធុរកិច្ចអេឡិចត្រូនិក ជាពិសេសធុរកិច្ចអេឡិចត្រូនិកឆ្លងដែន ការលក់ទំនិញតាមអនឡាញបានផ្លាស់ប្តូរបែបផែនលក់ដូរបែបប្រពៃណី។ ផលិតផលច្នៃប្រឌិតខាងវប្បធម៌និងសម្ភារៈសិក្សាដែលជា«ម៉ាកផលិតផលប្រពៃណី»របស់ក្រុងYiwu ជាទំនិញដ៏ពេញនិយមបានបង្ហាញវត្តមានក្នុងទីផ្សារបរទេស ដែលមិនត្រឹមតែបង្ហាញពីមុខមាត់និងភាពទាក់ទាញនៃ«Made in China»ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរំលេចពីវប្បធម៌ចិនផងដែរ។

២០ ឆ្នាំបន្ទាប់ពីការលើកឡើងនូវ«បទពិសោធអភិវឌ្ឍន៍Yiwu» ទំហំពាណិជ្ជកម្មនៃ«ផ្សារផលិតផលតូច»របស់ក្រុងYiwu បានកើនពី៣១.៥ ប៊ីលានយាន់ប្រាក់ចិនឡើងដល់ជាង៣២២.៣ ប៊ីលានយាន់ប្រាក់ចិននៅឆ្នាំ២០២៥ ឯទំហំនាំចេញនាំចូលស្ថិតនៅលេខរៀងទីមួយក្នុងចំណោមតំបន់រដ្ឋបាលថ្នាក់ស្រុក/ក្រុង/ខណ្ឌទូទាំងប្រទេសចិន។ អ្វីដែលគួរបញ្ជាក់គឺថា គោលនយោបាយរបស់រដ្ឋបាលក្រុងYiwu មិនត្រឹមតែមានអំណោយផលដល់ប្រជាជនក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកាលានុវត្តភាពសម្រាប់ជនបរទេសផងដែរ។ ជនបរទេសជាច្រើនបានចាប់យកឱកាសទៅវិនិយោគនិងធ្វើអាជីវកម្មនៅទីនោះ សឹងតែមានអ្នកខ្លះរស់នៅទីនោះអស់ដប់ម្ភៃឆ្នាំទៀតផង។

ការវិវឌ្ឍរីកចម្រើនពីផ្សារតាមចិញ្ចើមផ្លូវដល់មជ្ឈមណ្ឌលលក់ដូរផលិតផលតូចៗដែលមាន ទ្រង់ទ្រាយធំបំផុតលើពិភពលោក បច្ចុប្បន្នក្រុងYiwu មានអ្នកប្រកបអាជីវកម្មជាង១.២៦ លានគ្រួសារ លក់ដូរផលិតផលជាង២.១ លានប្រភេទ និងមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសនិងតំបន់ជាង២៣០ លើពិភពលោក ជាពិសេសបានផ្តល់ឱកាសការងារ​សម្រាប់ប្រជាជនទូទាំងប្រទេសលើសពី៣២ លាននាក់។ 

គន្លឹះជោគជ័យនៃ«ផ្សារផលិតផលតូចYiwu»គឺរដ្ឋបាលនិងសហគ្រាស/អាជីវករធ្វើការជាមួយគ្នា ពោលគឺការធ្វើពាណិជ្ជកម្មដែលមានការគាំទ្រពីគោលនយោបាយដ៏ត្រឹមត្រូវដែលសមស្របតាមលក្ខខណ្ឌក្នុងតំបន់ នឹងធ្វើឱ្យសេដ្ឋកិច្ចឯកជនអភិវឌ្ឍក្រោមបរិយាកាសប្រកបដោយសេរីភាព បទដ្ឋាននិងទីផ្សារភាវូបនីយកម្ម។ «បទពិសោធអភិវឌ្ឍន៍Yiwu»មិនមែនជារូបមន្តថេរនោះទេ តែជាការធ្វើកំណែទម្រង់តាមលក្ខខណ្ឌជាក់ស្តែង ដើម្បីដើរឱ្យទាន់តម្រូវការនៃយុគសម័យ ទើបអាចសម្រេចគោលដៅវិបុលភាពសម្រាប់ទាំងអស់គ្នា៕ 

អត្ថបទដោយ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top