សម្តេចតេជោ ប្រសិទ្ធនាមផ្ទះភៀសសឹកនៅស្លក្រាម ស្រុកស្វាយចេកថា «ភូមិរង់ចាំ»
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានប្រសិទ្ធនាម មណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ» ។
ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលបណ្តោះអាសន្ន ស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោហ៊ុន សែនមានប្រសាសន៍ថា ទោះបីជាប្រសិទ្ធនាមជា «ភូមិរង់ចាំ» ប៉ុន្តែ សម្តេចតេជោបញ្ជាក់យ៉ាងច្បាស់ៗថា មិនបោះបង់ការទាមទារដីខ្មែរមកវិញនោះទេ ដោយទឹក ដីត្រូវតែទាមទារយកត្រឡប់មកវិញ ឱ្យទាល់តែបានសម្រាប់ប្រជាពលរដ្ឋ ។

សម្តេចតេជោមានប្រសាសន៍ថា “ឥឡូវជាដំបូងខ្ញុំចង់ប្រសិទ្ធនាម ហេតុអីយើងត្រូវកសាងផ្ទះ តើផ្ទះនេះ ភូមិនេះគួរដាក់ឈ្មោះអី ខ្ញុំសំណូមពរចេះ យើងមិនមែនធ្វើភូមិនេះហើយ បោះបង់ចោលការទាមទារដីរបស់យើងទេ ។ ភូមិនេះ ខ្ញុំសុំស្នើដាក់ថា ភូមិរង់ចាំ”។
ជាមួយនឹងការប្រកាសប្រសិទ្ធនាមថា ជាភូមិរង់ចាំរួចហើយ សម្តេចតេជោក៏បានស្នើឱ្យមានការជាភូមិរង់ចាំទី១ ឬភួមរង់ចាំទី២ ព្រោះភូមិនេះ មានធំទូលាយសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋជាជនភៀសសឹក ក្នុងការបង្កើតមុខរបរនានា ។

សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា ទឹកដីខ្មែរដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ ប៉ុន្តែការទាមទារនេះគឺមានផ្លូវពីរតែប៉ុណ្ណោះ ដោយទី១ គឺប្រើប្រាស់កម្លាំងយោធា និងទី២ គឺតាមផ្លូវចរចាដោយសន្តិវិធី៕




