សារព័ត៌មាន Axios ផ្សាយថា លោក ដូណាល់ ត្រាំ ព្រមាននាយករដ្ឋមន្រ្តីអ៊ីស្រាអែល ជាមួយនឹងការដកការគាំទ្រ
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមដកការគាំទ្រចំពោះអ៊ីស្រាអែល ក្នុងអំឡុងពេល នៃការសន្ទនាតាមទូរស័ព្ទដ៏តានតឹង ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Axios។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ថា លោក ត្រាំ បានធ្វើការសន្ទនា តាមទូរស័ព្ទដ៏ក្តៅគគុកជាច្រើនលើក ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ ចាប់តាំងពីអ៊ីរ៉ង់បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនកំពុងផ្អាកការចរចាជាមួយសហរដ្ឋអាមេរិក ជុំវិញការវាយប្រហារម្តងហើយម្តងទៀតរបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់។
លក្ខខណ្ឌរបស់អ៊ីរ៉ង់សម្រាប់កិច្ចព្រមព្រៀងសន្តិភាព រួមមានការបញ្ឈប់អរិភាពលើ «គ្រប់វិស័យ» រួមទាំងប្រទេសលីបង់ ជាកន្លែងដែលមនុស្សជិត ៣.៧០០ នាក់ត្រូវបានសម្លាប់ចាប់តាំងពីដើមខែមីនា នៅពេលដែលអ៊ីស្រាអែល បានបន្តការវាយប្រហារដើម្បីឆ្លើយតបទៅនឹងការ វាយប្រហារដោយក្រុមហេសបូឡា។
អ៊ីស្រាអែល និងអ៊ីរ៉ង់ បានបាញ់ផ្លោងដាក់គ្នាទៅវិញទៅមក កាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ គឺជាលើកដំបូង ចាប់តាំងពីបទឈប់បាញ់ត្រូវបានសម្រេចនៅក្នុងខែមេសា បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅទីក្រុងបេរូត។
ទីភ្នាក់ងារព័ត៌មាន Axios បានរាយការណ៍កាលពីថ្ងៃចន្ទថា លោក ត្រាំ បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយសារព័ត៌មានថា លោកបានព្រមានលោក ណេតាន់យ៉ាហ៊ូ ថា “ប្រសិនបើលោកត្រលប់ទៅធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់វិញ លោកអាចនឹងឃើញខ្លួនឯងកំពុងប្រយុទ្ធតែម្នាក់ឯង”។ លោក ត្រាំ ពីមុនបានបញ្ជាក់ពីរបាយការណ៍ដែលថា លោកបានហៅលោក ណេតាន់យ៉ាហ៊ូ ថា “ជាមនុស្សឆ្កួត” ក្នុងអំឡុងពេលសន្ទនា៕
ប្រែសម្រួលៈ ណៃ តុលា
