ព័ត៌មានជាតិ

ក្នុងវេទិកាអាស៊ាន ! កម្ពុជា នៅតែមានការក្ដីព្រួយបារម្ភ ចំពោះភាគីថៃ កាន់កាប់ចូលជ្រៅក្នុងទឹកដីកម្ពុជា

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា កម្ពុជា នៅតែមានការក្ដីព្រួយបារម្ភ នៅតំបន់ភាគីថៃ បានចូលកាន់កាប់ ចូលជ្រៅក្នុងទឹកដីប្រទេសកម្ពុជា។

នាឱកាសអញ្ជើចូលរួមពិធីបើកវេទិកាអនាគតរបស់អាស៊ានលើកទី៣ នៅប្រទេសវៀតណាម នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បទឈប់បាញ់ រវាងកម្ពុជា នៅបន្តមាន ប៉ុន្តែកំពុងស្ថិតក្នុងសភាពមួយដ៏ផុយស្រួយ។

សម្ដេចធិបតី បានគូសបញ្ជាក់ថា «កម្ពុជា នៅតែមានក្តីព្រួយបារម្ភ ចំពោះស្ថានការណ៍លើដីជាក់ស្តែង នៅក្នុងតំបន់កាន់កាប់ ដែលស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជា។ ព្រំដែន និងអធិបតេយ្យភាព ដាច់ខាត មិនត្រូវបានកែប្រែដោយការប្រើកម្លាំងឡើយ ឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើដីជាក់ស្តែង។ ទាំងពីរ កម្ពុជា និងថៃ បានបង្ហាញយ៉ាងច្បាស់នូវការប្ដេជ្ញាចិត្តចំពោះការដោះស្រាយដោយសន្ដិវិធី និងការប្រែក្លាយបទឈប់បាញ់ដែលមានស្រាប់ទៅជាសន្តិភាពអចិន្ត្រៃយ៍»។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា ជាក់ស្ដែងភាគីទាំងពីរ បន្តបង្ហាញការប្រកាន់ខ្ជាប់ នូវសេចក្តីថ្លែង ការណ៍រួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហេតុដូច្នេះ ភាគីទាំងពីរ ចាំបាច់ត្រូវអនុវត្តសេចក្តីថ្លែងការណ៍រួមនេះទាំងស្រុង ឱ្យបានពេញលេញ ប្រកបដោយប្រសិទ្ធភាព និងជាបន្ទាន់ ជាពិសេសចំណុចទី៣ ដែលអំពាវនវឱ្យមានការចាប់ផ្តើមឡើងវិញជាបន្ទាន់ នូវការងារវាស់វែង និងខណ្ឌស៊ីមាព្រំដែនឡើងវិញ ដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JB C)៕

To Top