ព័ត៌មានជាតិ

ក្រសួងអប់រំកំពុងពិនិត្យលទ្ធភាព ដាក់ភាសាបរទេស ជាមុខវិជ្ជាកាតព្វកិច្ច សម្រាប់ប្រឡងបាក់ឌុប

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កំពុងធ្វើការសិក្សា ពិនិត្យលទ្ធភាព ដាក់ភាសាបរទេសជាមុខវិជ្ជាកាតព្វកិច្ច ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នាពេលអនាគត ។

ក្នុងកិច្ចប្រជុំពិភាក្សា ស្ដីពី ការពិនិត្យលទ្ធភាព ដាក់ភាសាបរទេសជាមុខវិជ្ជាកាតព្វកិច្ច ក្នុងការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងអប់រំ លើកឡើងថា ក្រសួងមានចក្ខុវិស័យ នឹងដាក់មុខវិជ្ជាភាសាបរទេស តួយ៉ាង ភាសាអង់គ្លេស និងភាសាបារាំង ជាមុខវិជ្ជាកាតព្វកិច្ច ក្នុងការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ។

បើតាមរដ្ឋមន្រ្តី ការពិនិត្យលទ្ធភាពនេះ ដោយមើលឃើញពីសារៈសំខាន់ នៃភាសាបរទេសសម្រាប់បំណិនទំនាក់ទំនង ដែលត្រូវមានសមត្ថភាពទាំង៤ គឺស្ដាប់ និយាយ អាន និងសរសេរ , ពង្រីកវិសាលភាពការសិក្សាស្រាវជ្រាវទូលំទូលាយ និងទំនាក់ទំនងសកល , ឆ្លើយតបនឹងបរិវត្តកម្មវិស័យសេដ្ឋកិច្ច សង្គម និងការរីកចម្រើនផ្នែកបច្ចេកវិទ្យាក្នុងតំបន់ និងលើសកលលោក , ឆ្លើយតបនឹងទីផ្សារការងារនាសតវត្សរ៍ទី២១ និងសិក្សាពេញមួយជីវិតប្រកប ដោយការជឿជាក់ និងនវានុវត្តន៍។

លោកបន្តថា ក្រសួងនឹងជំរុញ ឱ្យគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនយកចិត្តទុកដាក់ពង្រឹង ការអនុវត្តកម្មវិធីសិក្សាភាសាបរទេសឱ្យបានខ្លាំងក្លា និងម៉ត់ចត់ ដោយពង្រឹងពង្រីកបន្ថែមឈរលើមូលដ្ឋានធនធាន និងសក្ដានុពលដែលកំពុងអនុវត្តបច្ចុប្បន្ន និងកាលានុវត្តភាពថ្មីៗបន្ថែមទៀត។

សម្រាប់ជំហានបន្ទាប់ ដើម្បីឆ្ពោះទៅអនុវត្តយុទ្ធសាស្ត្រនេះ ប្រកបដោយប្រសិទ្ធភាព ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្ដល់អនុសាសន៍ សម្រាប់ការអនុវត្តបន្តដល់ក្រុមការងារ ដូចជា ៖ ធ្វើការសិក្សាប្រមូលទិន្នន័យ ឱ្យច្បាស់ពីចំនួនសាលារៀន ដែលកំពុងអនុវត្តកម្មវិធីសិក្សាភាសាបរទេសដូចជា ភាសាអង់គ្លេស បារាំង ចិន និងភាសាផ្សេងៗទៀត , ធ្វើការសិក្សា និងវាយតម្លៃពីប្រសិទ្ធភាព នៃការអនុវត្តកម្មវិធីសិក្សាភាសាបរទេស តាមសាលារៀនបច្ចុប្បន្ន , សិក្សា និង ស្វែងយល់ច្បាស់ពីស្ថានភាពបច្ចុប្បន្នតាមសាលារៀន នឹងអាចឱ្យក្រសួងដាក់ ចេញកម្មវិធីបណ្ដុះបណ្ដាលគ្រូ , ដាក់ចេញយុទ្ធសាស្ត្រ២ដាច់ពីគ្នា សម្រាប់កម្រិតបឋមសិក្សា និងមធ្យមសិក្សា ដោយបញ្ចូលការរៀនភាសាបរទេស ទៅក្នុងថ្នាលរៀន PLP សម្រាប់បឋមសិក្សា និងផ្សារភ្ជាប់ការរៀន និងបង្រៀនជាមួយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។

សូមបញ្ជាក់ថា ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាព ទៅនឹងចក្ខុវិស័យនេះ គ្រប់គ្រឹះស្ថានសិក្សាទាំងអស់​ នឹងត្រូវរៀបចំពិនិត្យឡើងវិញ លើរចនាសម្ព័ន្ធ ម៉ោងសិក្សា សៀវភៅសិក្សា គ្រូបង្រៀន និងធនធាននានា ៕

To Top