គណៈកម្មការទី៨ ឱ្យបង្កើនការទប់ស្កាត់ «ជំងឺមិនឆ្លង» ជាឃាតករលាក់កំពុង សម្លាប់ពលរដ្ឋយ៉ាងស្ងៀមស្ងាត់
ភ្នំពេញ ៖ គណៈកម្មការទី៨ នៃរដ្ឋសភា និងក្រុមសភាស្ត្រី បានជំរុញឱ្យមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ បង្កើនការផ្សព្វផ្សាយទប់ស្កាត់ «ជំងឺមិនឆ្លង» ដែលជាឃាតករលាក់មុខកំពុង សម្លាប់ពលរដ្ឋយ៉ាងស្ងៀមស្ងាត់ ក្នុងអត្រាគួរឱ្យព្រួយបារម្ភ។

ការជំរុញនេះ ក្នុងឱកាសគណៈប្រតិភូរដ្ឋសភា អញ្ជើញចុះបំពេញ បេសកកម្មពិនិត្យវឌ្ឍនភាពការងារ និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។

ប្រធានគណៈកម្មការទី៨នៃរដ្ឋសភាលោកស្រី ឡោក ខេង គូសបញ្ជាក់ថា ជំងឺមិនឆ្លង (NCDs) ដូចជា ជំងឺលើសឈាម ទឹកនោមផ្អែម និងបេះដូង ជាដើម គឺជាជំងឺរ៉ាំរ៉ៃដែលបានសម្លាប់ពលរដ្ឋអស់ជាច្រើននាក់យ៉ាងស្ងៀមស្ងាត់ (ជាក់ស្តែងកាលពីឆ្នាំ២០១៦ មានទិន្នន័យស្លាប់ជាមធ្យមរហូតដល់ ១៦៤នាក់ក្នុងមួយថ្ងៃ និងបន្តកើនឡើងជាលំដាប់)។

ដើម្បីទប់ស្កាត់បញ្ហានេះ លោកស្រីណែនាំដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពទាំងអស់ ត្រូវបង្កើនការអប់រំផ្ទាល់ , យុទ្ធនាការ «តិច៣» «តិចខ្លាញ់ តិចអំបិល និងតិចស្ករ» , ពង្រឹងបណ្តាញសហគមន៍។

បើតាមរបាយការណ៍ របស់ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ចំពោះការឆ្លើយតបនឹងជំងឺមិនឆ្លង មន្ទីរពេទ្យបានដំឡើង ទីតាំងចាក់វីដេអូអប់រំ និងបំពាក់ឧបករណ៍ ធ្វើរោគវិនិច្ឆ័យទំនើប ៗ ដូចជា ម៉ាស៊ីនថតស្កេន (MRI) និងម៉ាស៊ីនវាស់ ចង្វាក់បេះដូង (ECG) ដើម្បីធានាប្រសិទ្ធភាព ក្នុងការព្យាបាល ខណៈអត្រាប្រើប្រាស់គ្រែ សម្រាកព្យាបាល បច្ចុប្បន្នមានកម្រិតខ្ពស់រហូតដល់ជាង ១១៣,៣៨% និងមានអត្រាស្លាប់របស់អ្នកជំងឺត្រឹមតែ ០,៣៨% ប៉ុណ្ណោះ ៕

