ព័ត៌មានជាតិ

កម្លាំងចម្រុះ រកឃើញឃ្លាំង និងសិប្បកម្ម ៤កន្លែង ក្នុងរាជធានីភ្នំពេញ មានទំនិញបង្កក នាំចូលពីប្រទេសថៃ

ភ្នំពេញ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងសង្ស័យនាំចូល ស្តុកនិងបង្កកទំនិញ ត្រី សាច់ គ្រប់ប្រភេទ ពីប្រទេសថៃ​ ចំនួន៥១ទីតាំង ខណៈរកឃើញឃ្លាំង និងសិប្បកម្មចំនួន៤កន្លែង នាំចូលទំនិញទាំងនេះ ពីប្រទេសថៃ។

លោកស្រី ដោ សម្ផស្ស បានឱ្យដឹងនាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះថា គណៈបញ្ជាការរដ្ឋបាលខណ្ឌទាំងអស់​ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋានការពារសិទ្ធិអ្នកប្រើប្រាស់ (ក.ប.ប) ដោយមានការសម្របសម្រួលផ្លូវច្បាប់​ ពីព្រះរាជអាជ្ញារង បានចុះត្រួតពិនិត្យទីតាំងឃ្លាំងសង្ស័យ បាននាំចូលស្តុក និងបង្កកទំនិញ ត្រី សាច់ គ្រប់ប្រភេទ ពីប្រទេសថៃ សរុបបានចំនួន៥១ទីតាំង។

លោកស្រីអ្នកនាំពាក្យ​ បានគូសបញ្ជាក់ថា ក្នុងចំណោមទីតាំងទាំងអស់នេះ កម្លាំងចម្រុះបានរកឃើញទីតាំងឃ្លាំង និងសិប្បកម្មចំនួន ៤កន្លែង នៅខណ្ឌទួលគោក ខណ្ឌមានជ័យ និងខណ្ឌជ្រោយចង្វារ មានស្តុកសាច់ និងប្រហិតចម្រុះ គ្រប់ប្រភេទជាច្រើនមុខ ដែលបាននាំចូលពីប្រទេសថៃ។ ក្រុមការងារបានសម្រេចបិទ​ ទីតាំងទាំងនោះបណ្តោះអាសន្ន និងបាននាំខ្លួនម្ចាស់ទីតាំងទាំងនោះ មកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។

លោកស្រីអ្នកនាំពាក្យ ក៏បានបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តឃ្លាំមើល និងចុះពិនិត្យគ្រប់ឃ្លាំង និងទីតាំងស្តុកផលិតផលទាំងអស់ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណារកឱ្យឃើញនូវការលួចនាំចូល ស្តុកទុក និងចែកចាយសាច់បង្កក​ ពីប្រទេសថៃ៕

To Top