លោក ហួត ហាក់៖ ការរៀបចំព្រឹត្តិការណ៍ «ភូមិហ្រ្វង់កូហ្វូន» ជាឱកាសបង្ហាញស្នាមញញឹមកម្ពុជា ជាស្នាមញញឹមហ្វ្រង់កូហ្វូនី ទៅកាន់ពិភពលោក
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍អម «ភូមិហ្រ្វង់កូហ្វូន» មិនត្រឹមតែជាមោទនភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏សំខាន់ក្នុងការបង្ហាញពី «ស្នាមញញឹមកម្ពុជា ជាស្នាមញញឹមហ្វ្រង់កូហ្វូនី» ទៅកាន់ពិភពលោក ។

ការលើកឡើងរបស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មការជាតិរៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ធ្វើឡើងក្នុងកិច្ចប្រជុំស្តីពី «ការផ្តល់ព័ត៌មានទូទៅ និងសកម្មភាពត្រៀមរៀបចំព្រឹត្តការណ៍ “ភូមិហ្រ្វង់កូហ្វូន”» ក្រោមសហអធិបតីភាព លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានអនុគណៈកម្មការទី៥ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាឆ្នាំ២០២៦ គឺជាឆ្នាំប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ដែលទទួលបានកិត្តិយសធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ហើយការរៀបចំព្រឹត្តិការណ៍អម «ភូមិហ្រ្វង់កូហ្វូន» មិនត្រឹមតែជាមោទនភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏សំខាន់ក្នុងការបង្ហាញពី «ស្នាមញញឹមកម្ពុជា ជាស្នាមញញឹមហ្វ្រង់កូហ្វូនី» ទៅកាន់ពិភពលោកផងដែរ។

លោករដ្ឋមន្រ្តី ក៏បានមានប្រសាសន៍បន្ថែមថា វាក៏ជាឱកាសសម្រាប់ធ្វើការបង្ហាញនូវវប្បធម៌ និងទំនៀមទំលាប់ នៃប្រទេសជាសមាជិកជាង៩០ប្រទេស ផលិតផល និងសេវាកម្មរបស់សហគ្រិនទាំងអស់ ជូនដល់ថ្នាក់ដឹកនាំជុំវិញពិភពលោក គណៈប្រតិភូពីគ្រប់ទ្វីប និងសាធារណជនដែលរំពឹងថា នឹងមកទស្សនាជាង១០០.០០០នាក់ ក្នុងអំឡុងរៀបចំព្រឹត្តិការណ៍នេះ។

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ជាជំនួបរវាងប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសជាសមាជិកអង្គការអន្តរជាតិ នៃក្រុមប្រទេសនិយាយភាសាបារាំង (OIF) ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់លើបញ្ហាសំខាន់ៗ ដូចជា នយោបាយអន្តរជាតិ សេដ្ឋកិច្ចពិភពលោក កិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនី សិទ្ធិមនុស្ស អប់រំ វប្បធម៌ និងប្រជាធិបតេយ្យ ជាដើម។ នាឱកាសនៃកិច្ចប្រជុំកំពូលនេះ ក៏មានរៀបចំព្រឹត្តិការណ៍អមសំខាន់ៗ ចំនួនពីរ គឺ៖ ភូមិហ្រ្វង់កូហ្វូន (Village Francophone) និង ភូមិហ្វ្រង់កូតិច (FrancoTech)។

ព្រឹត្តិការណ៍អន្តរជាតិដ៏អស្ចារ្យ និងមានលក្ខណៈជាប្រវត្តិសាស្ត្រនេះ ត្រូវបានរំពឹងថានឹងមានការចូលរួម ពីប្រទេសសមាជិកជាង ៩០ប្រទេស ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ដែលនឹងរួមចំណែក ជំរុញការផ្សព្វផ្សាយ អំពីសក្តានុពលទេសចរណ៍ វប្បធម៌ និងបដិសណ្ឋារកិច្ចរបស់កម្ពុជា ទៅកាន់ពិភពលោក និងលើកកម្ពស់កិត្តិនាមកម្ពុជា នៅលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ «ភូមិហ្រ្វង់កូហ្វូន-Village Francophone» នឹងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនច្បារវត្តបុទុមវត្តី រាជធានីភ្នំពេញ ដោយមានការរៀបចំទីតាំងសំខាន់ៗ ចំនួន៦ រួមមាន៖ ពន្លាជាតិ (National Pavilions) វេទិកាសិល្បៈប្រចាំថ្ងៃ កន្លែងសិក្ខាសាលា និងកិច្ចពិភាក្សា ភូមិម្ហូបអាហារ (Gastronomic Village) តំបន់ពិព័រណ៍ផលិតផលកម្ពុជា និងមជ្ឈមណ្ឌលព័ត៌មាន (Media Lounge)៕

