អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគាររយៈពេល ៣០ ឆ្នាំពីបទក្បត់ជាតិ
សេអ៊ូល៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកនៅថ្ងៃសុក្រ លោក Yoon Suk-yeol អតីតប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគាររយៈពេល ៣០ ឆ្នាំពីបទក្បត់ជាតិ ដែលជាប់ទាក់ទង នឹងការបញ្ចូនយន្តហោះគ្មានមនុស្សបើក ចូលទៅក្នុងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) ។
តុលាការក្រុងសេអ៊ូល បានសម្រេចកាត់ទោសលោក Yoon ឱ្យជាប់ពន្ធនាគារ ពីបទចោទប្រកាន់ពីបទក្បត់ជាតិ ដោយសំដៅទៅលើឧក្រិដ្ឋកម្ម នៃការធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍យោធា របស់កូរ៉េខាងត្បូង ឬផ្តល់ផលប្រយោជន៍ដល់សត្រូវ។
តុលាការបានសម្រេចថា ការជ្រៀតចូលនៃយន្តហោះគ្មានមនុស្សបើក បានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍យោធារបស់កូរ៉េខាងត្បូង ដោយថា ប្រតិបត្តិការយន្តហោះគ្មានមនុស្សបើក ត្រូវបានធ្វើឡើងសម្រាប់គោលបំណងឯកជន ដែលមិនទាក់ទងនឹងសន្តិសុខជាតិ ឬការពារជាតិ។
ក្រុមរបស់លោក Cho Eun-suk ដែលជាមេធាវីឯករាជ្យម្នាក់ ដែលបានដឹកនាំការស៊ើបអង្កេតលើការបះបោររបស់លោក Yoon និងការចោទប្រកាន់ផ្សេងទៀត បានទាមទារឱ្យលោក Yoon ជាប់ពន្ធនាគាររយៈពេល ៣០ ឆ្នាំ។
លោក Yoon ត្រូវបានចោទប្រកាន់ពីបទបញ្ជាឱ្យយន្តហោះគ្មានមនុស្សបើកជ្រៀតចូលទៅក្នុងទីក្រុងព្យុងយ៉ាង នៅប្រហែលខែតុលា ឆ្នាំ២០២៤ ដោយមានចេតនាញុះញង់កូរ៉េខាងជើងដោយយោធា ក្នុងគោលបំណងបង្កើតលេស សម្រាប់ការប្រកាសច្បាប់អាជ្ញាសឹករបស់លោកនៅក្នុងខែធ្នូ ឆ្នាំដដែល។
ក្រុមព្រះរាជអាជ្ញាពិសេសជឿថា ប្រតិបត្តិការយន្តហោះគ្មានមនុស្សបើកបានបង្កើនភាពតានតឹងយោធារវាងកូរ៉េទាំងពីរ និងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍យោធារបស់កូរ៉េខាងត្បូង ដោយសារការធ្លាក់យន្តហោះគ្មានមនុស្សបើក បាននាំឱ្យមានការលេចធ្លាយព័ត៌មានសម្ងាត់អំពីប្រតិបត្តិការយោធា និងទ្រព្យសម្បត្តិ។
អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Kim Yong-hyun ត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគាររយៈពេល ៣០ឆ្នាំ ដែលធ្ងន់ជាងទោស ជាប់ពន្ធនាគាររយៈពេល ២៥ឆ្នាំ ដែលមេធាវីពិសេសបានស្វែងរក ខណៈដែលលោក Yeo In-hyung អតីតប្រធានបញ្ជាការប្រឆាំងចារកម្ម ការពារជាតិ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ៕
