Feature

សម្តេចធិបតី ៖ រាជរដ្ឋាភិបាល នៅតែផ្តល់អាទិភាពខ្ពស់​ និងចាត់ទុកប្រជាជនជាស្នូល តាមរយៈ​ការលើកកម្ពស់សុខភាព

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់ UNAIDS ថា​ រាជរដ្ឋាភិបាល នៅតែផ្តល់អាទិភាពខ្ពស់​ និងចាត់ទុកប្រជាជនជាស្នូល តាមរយៈ​ការលើកកម្ពស់សុខភាព,​ ការអប់រំ និងការបង្កើតការងារ ដែលជាគ្រឹះដ៏រឹងមាំរបស់ប្រទេសជាតិ ។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងអំឡុងពេល អនុញ្ញាតឱ្យ លោក Eamonn Murphy នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក, អឺរ៉ុបខាងកើត, និងអាស៊ីកណ្តាល​ នៃកម្មវិធី​សហប្រជាជាតិ​រួម​គ្នា ស្តីពីមេរោគ​អេដស៍​/ជំងឺ​អេដស៍ (UNAIDS) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។
 
ក្នុងជំនួបនេះ លោកនាយកប្រចាំតំបន់ Eamonn Murphy​ បានសម្ដែងនូវការវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ និង ភាពជាអ្នកដឹកនាំ​ របស់រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការលើកកម្ពស់សុខភាពសាធារណៈ ពិសេសការដាក់ចេញ​​ និងការអនុវត្ត នូវក្របខណ្ឌគោលនយោបាយជាតិ​ ស្តីពីគាំពារសង្គម។

បន្ថែមពីនេះ លោកនាយកប្រចាំតំបន់ បានអបអរសាទរដល់កម្ពុជា ចំពោះភាពជោគជ័យ នៃការសម្រេចបាននូវគោលដៅ សកលមេរោគអេដស៍ ៩៥-៩៥-៩៥​ ​(៩៥% នៃ​អ្នក​ផ្ទុកមេរោគ​អេដស៍ បានដឹងពីស្ថានភាព ផ្ទុកមេរោគអេដស៍របស់ខ្លួន, ៩៥% នៃអ្នក​ដែលដឹងស្ថានភាព​ផ្ទុកមេរោគអេដស៍ បានទទួល​ការព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍ និង​៩៥% ​នៃអ្នកដែល​បាន​​​ទទួលការព្យា​បាល ​ដោយឱសថប្រឆាំងមេរោគអេដស៍ មានបន្ទុកមេរោគអេដស៍កម្រិតទាប)​ ដែលឆ្ពោះទៅរក​ការ​បញ្ចប់ជំងឺ​អេដស៍​ ដែលជាបញ្ហាគំរាម​កំហែង ចំពោះសុខភាព​សាធារណៈ​ នៅឆ្នាំ២០៣០​ ។

លោកនាយកប្រចាំតំបន់ បាន​គូសបញ្ជាក់បន្ថែមថា​ កម្ពុជាគឺជាប្រទេសមួយ ក្នុងចំណោមប្រទេស៧ ក្នុង​ពិភពលោក​ និងជាប្រទេសទីមួយ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលអាចសម្រេចបានគោលដៅសកលនេះ យ៉ាងត្រចះត្រចង់​ និងបានលើកទឹកចិត្តឱ្យកម្ពុជា ចែករំលែកបទពិសោធន៍ជោគជ័យ​​ ទៅកាន់បណ្ដាប្រទេសក្នុង​ពិភពលោក​។ លោកនាយកប្រចាំតំបន់ ក៏បានគូសបញ្ជាក់ថា UNAIDS នៅតែបន្តផ្ដល់នូវការគាំទ្រ ក៏ដូចជាសហការជាមួយកម្ពុជា នៅក្នុងវិស័យសុខាភិបាល ជាពិសេស​ គឺការប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍នេះ។
 
ជាការឆ្លើយតប សម្ដេចធិបតីបានវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់អង្គការ សហប្រជាជាតិ នៅក្នុងការរួមចំណែក អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងវិស័យសុខាភិបាលកម្ពុជា ក៏ដូចជាការគាំទ្រ ដល់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ នៅកម្ពុជា។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ថា ទាំង​រាជរដ្ឋាភិបាល​អាណត្តិមុនៗ រហូតមកដល់​រាជរដ្ឋាភិបាលអាណត្តិទី៧នេះ, រាជរដ្ឋាភិបាល នៅតែផ្តល់អាទិភាពខ្ពស់​ និងចាត់ទុកប្រជាជនជាស្នូល តាមរយៈ​ការលើកកម្ពស់សុខភាព,​ ការអប់រំ និងការបង្កើតការងារ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ទ្រទ្រង់​ ការរីកចម្រើនរបស់ប្រទេសជាតិ។

បន្ថែមពីនេះ,សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ខ្ពស់ និងកិច្ចខិតខំលើកកម្ពស់វិស័យសុខាភិបាល តាមរយៈការធ្វើឱ្យកាន់តែប្រសើរឡើង មូលដ្ឋានសុខាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន​។ ព្រមជាមួយគ្នានេះ, សម្ដេចធិបតី បានបន្ថែមថា ទោះបីជាកម្ពុជា សម្រេចបានសមិទ្ធផលជាច្រើន ក្នុងវិស័យសុខាភិបាលក្តី, កម្ពុជា នៅតែចាត់ទុកជំងឺអេដស៍ និងជំងឺឆ្លងនានា ជាហានិភ័យចម្បង ចំពោះសុខភាពសាធារណៈ ដែលរាជរដ្ឋាភិបាល ត្រូវបន្តដោះស្រាយ និងយកចិត្តទុកដាក់ខ្ពស់​​ជានិច្ច។
 
សម្ដេចធិបតី​ បានលើកទឹក​ឱ្យ​ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង​ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុង​ការ​អភិវឌ្ឍវិស័យសុខាភិបាល​ ព្រមទាំង​បាន​គូសបញ្ជាក់ថា​ រាជរដ្ឋាភិបាល​កម្ពុជា ត្រៀមខ្លួនជាស្រេច ក្នុងការគាំទ្រ និងសហការជាមួយ អង្គការសហប្រជាជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ដើម្បីឈានទៅសម្រេចបាន នូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់​ បន្ថែមទៀត៕

To Top