សម្ដេចតេជោ ហ៊ុន សែន ណែនាំអាជ្ញាធរ បន្តគ្រប់គ្រង និងមើលថែ កម្លាំងកម្មករ និងពលករ
បាត់ដំបង ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានណែនាំអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងគ្រប់គ្រង និងយកចិត្តទុកដាក់មើលថែ កម្លាំងកម្មករ និងពលករ ទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងជំនួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តបាត់ដំបង និងប៉ៃលិនប្រមាណជាង១ពាន់នាក់ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ពិធីនេះបានប្រារព្ធឡើងនៅក្រុងខេត្តបាត់ដំបង។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យពង្រឹងកិច្ចការពារ អភិរក្ស និងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិនានា និងចូលរួមថែរក្សាឱ្យបានគង់វង្ស។
សម្តេចតេជោ ក៏បានរំលឹកដល់មន្ត្រីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យា។
សម្ដេចតេជោ បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន។
សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ ដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តបាត់ដំបង និងប៉ៃលិនដែលបានរួមសហការគ្នា អភិវឌ្ឍខេត្តទាំងពីរនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់ និងជូនពរឱ្យមន្ត្រីរាជការទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច៕
