ព័ត៌មានជាតិ

លោក អ៊ុន ចាន់ដា នាំអំណោយមនុស្សធម៌ ផ្តល់ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៥ គ្រួសារ នៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់

កំពង់ចាម ៖ ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នេះ បានដឹកនាំសហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្ត ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៥គ្រួសារ រស់នៅក្នុង ភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់  ។

ស្ថិតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ ប៉ះពាល់ដល់ការរស់នៅ ខាតបង់ទាំងពេលវេលា និងសោហ៊ុយ ត្រូវចំណាយសម្រាប់ការជួសជុល ស្តារឡើងវិញ ថែមទៀត និងបាននាំនូវបណ្តាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ លោកសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាផងដែរ ។

សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនពលរដ្ឋរងផលប៉ះពាល់ទាំង  ៥គ្រួសារនោះ ក្នុង១គ្រួសារទទួលបាន  អង្ករ ២៥គក្រ មី១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹក សុីអុីវ ១យួរ ទឹកពិសាប្រណិត វី-អាក់ទីវ ១កេស និងឃីត ១ សម្រាប់. ។ ចំពោះថវិកា បាន ផ្តល់ជូនតាមកម្រិតខូចខាតជាក់ស្តែង ៕

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម|រូបភាពដោយ: គីហ្សូណា

To Top