សមត្ថកិច្ចចម្រុះ រកឃើញឃ្លាំង២កន្លែងបន្ថែម នៅរាជធានីភ្នំពេញ ពាក់ព័ន្ធនាំចូលទំនិញខុសច្បាប់ ពីថៃ
ភ្នំពេញ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចចម្រុះ បានរកឃើញទីតាំង ចំនួន២ មានជាប់ពាក់ព័ន្ធ នឹងទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃ ក្នុងប្រតិបត្តការណ៍ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦។

លោកស្រីអ្នកនាំពាក្យ បានឱ្យដឹងនៅថ្ងៃទី១៤ ខែមិថុនានេះថា
គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយកម្លាំងចម្រុះ មកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋាន ក.ប.ប ដោយមានការសម្របសម្រួលផ្លូវច្បាប់ ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងតូច ធំ ក្នុងមូលដ្ឋានសរុបចំនួន ១៨កន្លែង ដែលសង្ស័យមាននាំចូល ស្តុកទុក ចរាចរ និងចែកចាយផលិតផលបង្កក មានប្រភពពីប្រទេសថៃ។

ក្នុងប្រតិបតិការទាំង១៨ទីតាំងនេះ សមត្ថកិច្ចចម្រុះបានរកឃើញទីតាំង ចំនួន២ មានជាប់ពាក់ព័ន្ធនឹងទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃ ក្នុងនោះរួមមាន៖ ១. ទីតាំងឃ្លាំងស្តុកទំនិញនាំចូលស្ថិតនៅ ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ របស់ក្រុមហ៊ុន អេសខេអេសខេឯ.ក ដោយ ក្រុមការងារ ចម្រុះបាន រកឃេីញ ទំនិញនាំចូលមកពីប្រទេសថៃ ចាប់ពីដើមខែកុម្ភ: ឆ្នាំ២០២៦ ពោលគឺ ក្រោយ ការ បិទ ព្រំដែន គោក ។ ទំនិញ ទាំងនោះ មានចំនួន ៦១មុខ ជាប្រភេទកាហ្វេ ទឹកសេរ៉ូ ម៉្សៅទឹកដោះគោ។

២. ទីតាំង ឃ្លាំង ស្ថិតនៅផ្ទះលេខ១០២ ផ្លូវ៧៩BT ភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ក្រុមការងារ ចម្រុះបាន ពិនិត្យរកឃើញផលិតផល ប្រភេទសាច់បង្កករួមមាន ៖ ដៃមឹក និង ជេីងទាដែលបាននាំចូលពីប្រទេស ថៃ។

ជាលទ្ធផលសម្រាប់ប្រតិបតិ្តការថ្ងៃទី១៣ ខែមិថុនានេះ សមត្ថកិច្ចសម្រេចបិទឃ្លុំទីតាំងឃ្លាំងទាំង២ខាងលើ ជាបណ្តោះអាសន្ន និងបានសម្រេចឱ្យនាំខ្លួនម្ចាស់ និងអ្នកគ្រប់គ្រងឃ្លាំងក្នុងខណ្ឌដង្កោ ចំនួន ២នាក់ និង ឃ្លាំងក្នុងខណ្ឌមានជ័យ ចំនួន១នាក់ទៅធ្វើការសាកសួរបន្ថែម នៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១០មកដល់ថ្ងៃទី១៣ ខែមិថុនានេះសមត្ថកិច្ចចម្រុះ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងតូច ធំក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលសង្ស័យបាននាំចូលស្តុកទុកចរាចរ និងចែកចាយផលិតផលបង្កក និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ សរុបចំនួន១០៧ទីតាំង ក្នុងនោះក្រុមការងារចម្រុះ បានសម្រេចបិទបណ្តោះអាសន្នចំនួន១២ទីតាំង៕




