រដ្ឋមន្រ្តីមហាផ្ទៃ ៖ ក្រោយផ្អាកផាកពិន័យ អ្នកល្មើសច្បាប់ចរាចរណ៍ គ្រោះថ្នាក់កើនឡើង
ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសង្កេតឃើញថា ក្រោយប្រទេសកម្ពុជាប៉ះទង្គិចជាមួយប្រទេសថៃ ក្រសួងផ្អាកផាកពិន័យ អ្នកបើកបរល្មើសច្បាប់ចរាចរណ៍ ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍កើនឡើងវិញ ។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៧ នៅបរិវេណឆ្នេរព្រែកកំពង់បាយ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ លោក ស សុខា ថ្លែងថា ក្រោយប្រទេសកម្ពុជា មានការប៉ះទង្គិចជាមួយប្រទេសថៃ ពាក់ព័ន្ធនឹងបញ្ហាព្រំដែន ក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការផាកពិន័យការល្មើសច្បាប់ចរាចរណ៍ ហើយជំនួសដោយធ្វើការណែនាំ តែវិធានការសំខាន់ៗ មួយចំនួន នៅតែបន្តអនុវត្តន៍ ពិសេសការពិនិត្យជាតិអាល់កុល និងការពិនិត្យអាវុធជាតិផ្ទុះជាដើម។
លោកបន្តថា ក្រោយមានការផ្អាកការផាកពិន័យ គ្រោះថ្នាក់ចរាចរណ៍ មានការកើនឡើង ។ ដូច្នេះ ឧបនាយករដ្ឋមន្រ្តី បានស្នើដល់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់យានយន្តទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅទាបបំផុត។
រដ្ឋមន្រ្តីបានអំពាវនាវ អ្នកប្រើប្រាស់ផ្លូវ និងក្រុមហ៊ុនដឹកជញ្ជូន ចូលរួមអនុវត្តនូវពាក្យស្លោកថា “ថ្ងៃនេះ ថ្ងៃស្អែក” កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ជាមួយនឹងការយកចិត្តទុកដាក់បើកបរ ប្រកបដោយការទទួលខុសត្រូវ ។ ក្នុងនោះ ត្រូវអនុវត្តវិធានការសំខាន់ៗ ដូចជា ៖ ត្រូវបើកបរឱ្យបានត្រឹមត្រូវ ជាដាច់ខាត , មិនត្រូវបើកបរលើសល្បឿនកំណត់ , មិនត្រូវបើកបរក្នុងឥទ្ធិពលគ្រឿងស្រវឹង និងគ្រឿងញៀន , មិនត្រូវបើកបរក្រោមភាពងងុយដេក , ត្រូវពាក់មួកសុវត្ថិភាព , ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាព , ត្រូវប្រកាន់ស្តាំ , ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងត្រូវប្រុងប្រយ័ត្នជានិច្ច៕
