DAP News
ព័ត៌មានជាតិ

ភ្លៀងមួយមេធំ បំផ្លាញផ្ទះ​៣៥១ខ្នង រោងចក្រ៥កន្លែង បង្គោលភ្លើងមួយដើម សាលារៀន៤ខ្នង រថយន្ត២គ្រឿងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ ភ្លៀងបានបង្អុរធ្លាក់យ៉ាងខ្លាំង លាយឡំជាមួយខ្យល់ កន្ត្រាក់ បានធ្វើឱ្យផ្ទះជាច្រើនខ្នងរបស់ប្រជាពលរដ្ឋ សាលារៀន រោងចក្រ រថយន្ត បង្គោលភ្លើងស្ថិតក្នុងភូមិចំនួន៦ នៃស្រុកសំរោងទង បានរងផលប៉ះពាល់ធ្ងន់ ស្រាល នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរស្រុក ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។

តាមរបាយការណ៍បញ្ជាក់ថា គ្រោះធម្មជាតិភ្លៀងនឹងខ្យល់កន្ត្រាក់កាលពីថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២៦ វេលាម៉ោង៣:៣០រសៀល មានភ្លៀងនឹងខ្យល់កន្ត្រាក់បានធ្វើឱ្យភូមិចំនួន៦បានរងផលប៉ះពាល់ក្នុងនោះរលំផ្ទះមួយខ្នង របើកដំបូលផ្ទះប្រមាណ៣៥០ខ្នង របើកដំបូលរោងចក្រកម្រិតស្រាល ៥រោងចក្រ របើកដំបូលរោងមាន់១កន្លែង របើកដំបូល សាលាវិទ្យាល័យហ៊ុនសែនចំបក់២ខ្នង របើកដំបូលសាលាបឋមសិក្សាចំបក់២ខ្នង បាក់បង្គោលភ្លើងមួយដើម និងបែកកញ្ចក់រថយន្ត២គ្រឿងដោយដើមឈើរលំកិន។ ជុំវិញបាតុភូតធម្មជាតិដ៏អាក្រក់នេះ មិនបានបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សនឹងសត្វនោះទេ។

ជាមួយនិងផលប៉ះពាល់នេះ លោក ជាម ច័ន្ទសោភ័ណ បានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវចុះជាបន្ទាន់នៅតាមខ្នងផ្ទះ ដើម្បីពិនិត្យមើលពីផលប៉ះពាល់និងតម្រូវការចាំបាច់របស់បងប្អូនពលរដ្ឋដែលរងនូវផលប៉ះពាល់នេះ ហើយរួមគ្នាដោះស្រាយឱ្យទាន់ពេលវេលា ធ្វើយ៉ាងណាជៀសវាងឱ្យពួកគាត់ដាច់ស្បៀងឬគ្មានកន្លែងដែលត្រូវជ្រកកោនបណ្តោះអាសន្ន ទំរាំការជួសជុលបានរួចរាល់។មួយវិញទៀត អនុវិទ្យាល័យនិងវិទ្យាល័យដែលរងផលប៉ះពាល់របើកដំបូល៤ ខ្នងត្រូវពន្លឿនការជួសជុលបន្ទាន់ ធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្ស៕

ដោយ៖ សុខ សុភ័ណ្ឌ |កំពង់ស្ពឺ|មជ្ឈមណ្ឌលដើមអម្ពិល|រូបថតដើមអម្ពិល

To Top