ព័ត៌មានជាតិ

អ្នកបើកបរនាវាគ្រប់ប្រភេទ បង្កើនការប្រុងប្រយ័ត្ន នៅចំណុចគ្រឹះស្ពានចាស់ និងទីតាំងសាឡង់លិច ស្ថិតនៅកៀកនឹងសសរស្ពានជ្រោយចង្វារ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹង ស្ដីពី ការធ្វើនាវាចរណ៍ដោយប្រុងប្រយ័ត្នខ្ពស់ នៅចំណុចគ្រឹះស្ពានចាស់ និងទីតាំងសាឡង់លិច ស្ថិតនៅកៀកនឹងសសរស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារ) រាជធានីភ្នំពេញ។

បើតាមសេចក្ដីជូនដំណឹង កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់នាវាចរណ៍ ១ករណីបានកើតឡើងនៅកៀកនឹងសសរស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារ) បណ្តាលឱ្យសាឡង់ ១គ្រឿងបានទៅលិច នៅចម្ងាយប្រហែល ៥០០ម៉ែត្រខាងជើងស្ពាន។

ដើម្បីធានាសុវត្ថិភាព និរន្តរភាពនៃការធ្វើនាវាចរណ៍ និងបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុដែលអាចកើត ឡើងជាថ្មីម្តងទៀត អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានចុះពិនិត្យទីតាំងគ្រោះថ្នាក់ និងបានដាក់ពោងសញ្ញាគ្រោះថ្នាក់ថ្មីនៅទីតាំងគ្រោះថ្នាក់ត្រង់ចំណុចទីតាំងដែលសាឡង់បានលិចនិងកំណត់គន្លង នាវាចរណ៍សម្រាប់ផ្លូវនាវាចរណ៍មានសុវត្ថិភាព ដូចមានបង្ហាញនៅលើផែនទីដូចមានភ្ជាប់ជូនមកជាមួយស្រាប់។

អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានគូសបញ្ជាក់ថា «សូមម្ចាស់នាវា នាវិក និងអ្នកបើកបរនាវាគ្រប់ប្រភេទទាំងអស់ ដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់នោះ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិនិត្យមើលពោងសញ្ញាគ្រោះថ្នាក់ថ្មីឱ្យបាន ច្បាស់លាស់ បើកបរតាមគន្លងនាវាចរណ៍ឱ្យបានត្រឹមត្រូវ និងចៀសវាងការធ្វើនាវាចរណ៍ចូលកៀកតំបន់គ្រោះថ្នាក់ ខាងលើដាច់ខាត ដើម្បីបញ្ចៀសគ្រោះថ្នាក់នាវាចរណ៍ដែលអាចកើតមានជាយថាហេតុ»។

អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់នាវា នាវិក និងអ្នកបើកបរនាវាគ្រប់ប្រភេទទាំងអស់ មេត្តាយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តតាមសេចក្តី ជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយស្មារតីទទួលខុសត្រូវ៕

To Top