Feature

ណាតូ នឹងដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស នៅភាគកណ្តាលនៃប្រទេសតួគី

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្រសួងការពារជាតិរបស់ប្រទេសតួគី បានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញថា អង្គការណាតូនឹងដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលប្រភេទ SAMP-T ផលិតនៅអ៊ីតាលីនៅក្នុងខេត្ត Konya ភាគកណ្តាល ដើម្បីបង្កើនសន្តិសុខដែនអាកាសរបស់ប្រទេស។

នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងបាននិយាយថា វិធានការនេះកំពុងត្រូវបានអនុវត្តក្រោមផែនការការពារជាអចិន្ត្រៃយ៍របស់អង្គការណាតូ ហើយមានគោលបំណងពង្រឹងការការពារដែនអាកាសរបស់សម្ព័ន្ធមិត្ត។

សេចក្តីថ្លែងការណ៍បាននិយាយថា ប្រព័ន្ធប្រតិបត្តិការរបស់អ៊ីតាលី នឹងត្រូវឈរជើងនៅទីបញ្ជាការមូលដ្ឋានទ័ពអាកាសសំខាន់ទី៣ក្នុងទីក្រុង Konya ។

គួរឲ្យដឹងដែរថាSAMP-T ដែលត្រូវបានអភិវឌ្ឍរួមគ្នាដោយប្រទេសបារាំង និងអ៊ីតាលី គឺជាប្រព័ន្ធមីស៊ីលចល័តពីដីទៅអាកាស ដែលត្រូវបានរចនាឡើងដើម្បីស្ទាក់ចាប់ការគំរាមកំហែងជាច្រើន រួមទាំងមីស៊ីលផ្លោងផងដែរ។

អង្គការណាតូបានពង្រឹងវត្តមានរបស់ខ្លួនរួចហើយនៅភាគអាគ្នេយ៍នៃប្រទេសតួគីដោយការដាក់ជើងទម្រសម្រាប់បាញ់មីស៊ីល Patriot បន្ថែមទៅកាន់មូលដ្ឋានទ័ពអាកាស Incirlik ក្នុងខេត្ត Adana ៕

ប្រែសម្រួល៖ស៊ុនលី

To Top