អាជ្ញាធរ និងមន្ត្រីជំនាញចុះត្រួតពិនិត្យផ្សារថ្មីពោធិ៍សាត់ និងផ្សារភួពុយ ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃទំនិញខូចគុណភាព និងហួសសុពលភាព
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ភុំ ផៃឌឿន ស្នងការរងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដឹកនាំកម្លាំងសមត្ថកិច្ច សហការជាមួយក្រុមការងារ ក.ប.ប ដឹកនាំដោយលោក អ៊ូ ម៉ា នរិន ប្រធានសាខា ក.ប.ប ខេត្ត លោកស្រី សេង ហួយ អភិបាលរងក្រុង ព្រមទាំងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងកងរាជអាវុធហត្ថខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងផ្សព្វផ្សាយដល់អាជីវករលក់ដូរទំនិញនៅផ្សារពោធិ៍សាត់ និងផ្សារភួពុយ ស្តីពីផលប៉ះពាល់ និងគុណវិបត្តិនៃការលក់ដូរទំនិញហួសសុពលភាព ខូចគុណភាព ទំនិញវេចខ្ចប់ខុសលក្ខណៈបច្ចេកទេស សាច់បង្កកខុសច្បាប់ និងទំនិញនាំចូលខុសច្បាប់។

ក្នុងប្រតិបត្តិការរួមនេះ កម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យតាមតូប និងទីតាំងអាជីវកម្មនានាក្នុងផ្សារ ដើម្បីធានាថា ទំនិញដែលដាក់លក់ជូនប្រជាពលរដ្ឋមានគុណភាព សុវត្ថិភាព និងអនុលោមតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។

ជាលទ្ធផល ក្រុមការងារបានរកឃើញទំនិញខូចគុណភាព និងទំនិញហួសសុពលភាពមួយចំនួន ដែលអាចបង្កហានិភ័យដល់សុខភាពអ្នកប្រើប្រាស់។ មន្ត្រីជំនាញបានធ្វើការណែនាំ និងអប់រំដល់អាជីវករឱ្យយកចិត្តទុកដាក់ពិនិត្យកាលបរិច្ឆេទប្រើប្រាស់ ប្រភពផលិតផល និងស្តង់ដារវេចខ្ចប់ឱ្យបានត្រឹមត្រូវ មុននឹងដាក់លក់ជូនអតិថិជន។

ក្នុងឱកាសនោះផងដែរ ក្រុមការងារបានអំពាវនាវដល់អាជីវករទាំងអស់ ឱ្យលក់តែផលិតផលដែលមានគុណភាពល្អ មានការបញ្ជាក់កាលបរិច្ឆេទច្បាស់លាស់ និងមានអនាម័យត្រឹមត្រូវ ដើម្បីការពារសុខភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ សមត្ថកិច្ច និងមន្ត្រីជំនាញក៏បានជំរុញឱ្យអាជីវករ និងប្រជាពលរដ្ឋចូលរួមសហការក្នុងការទប់ស្កាត់ការចរាចរទំនិញខុសច្បាប់ និងរួមគ្នាគាំទ្រការប្រើប្រាស់ផលិតផលដែលមានគុណភាព ស្របតាមស្តង់ដារ និងច្បាប់ជាធរមាន ដើម្បីរួមចំណែកលើកកម្ពស់សុវត្ថិភាពស្បៀងអាហារ និងការពារផលប្រយោជន៍អ្នកប្រើប្រាស់៕

ប្រភព÷ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់|ដោយ÷ធឿន/ដើមអម្ពិល
