Feature

រដ្ឋាភិបាលអូស្ត្រាលី បន្ធូរបន្ថយការព្រមានអំពីការធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា

កង់បេរ៉ា៖ រដ្ឋាភិបាលអូស្ត្រាលីនៅថ្ងៃពុធនេះ បានបន្ថយការព្រមានអំពីការធ្វើដំណើរសម្រាប់ប្រទេសមជ្ឈិមបូព៌ាមួយចំនួន រួមទាំងអ៊ីស្រាអែល និងអារ៉ាប់រួម  បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ សម្រេចបានកិច្ចព្រមព្រៀងសន្តិភាព។

រដ្ឋមន្ត្រីការបរទេស លោកស្រី Penny Wong បានឲ្យដឹងថា រដ្ឋាភិបាលបានបន្ថយដំបូន្មានធ្វើដំណើរសម្រាប់ប្រទេសបារ៉ែន អ៊ីស្រាអែល គុយវ៉ែត កាតា និងអារ៉ាប់រួម ពីកម្រិតខ្ពស់បំផុតទាំងបួន គឺ «កុំធ្វើដំណើរ» មកត្រឹមកម្រិតទីបី គឺ «ពិចារណាឡើងវិញអំពីតម្រូវការធ្វើដំណើររបស់អ្នក» ដោយតំបន់មួយចំនួននៃប្រទេសអ៊ីស្រាអែល នៅតែស្ថិតនៅកម្រិតទីបួន។

លោកស្រីបានបន្ដថា ក្រសួងការបរទេស និងពាណិជ្ជកម្មបានវាយតម្លៃស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសទាំងនោះថាសមស្របសម្រាប់ការព្រមានកម្រិតទាប ប៉ុន្តែបានបន្ថែមថា ប្រជាជនអូស្ត្រាលីគួរតែបន្តពន្យារពេលការធ្វើដំណើរដែលមិនចាំបាច់។

លោកស្រីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាជាមួយលោក Matt Thistlethwaite អនុរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មថា «ប្រសិនបើអ្នកត្រូវការធ្វើដំណើរឆ្លងកាត់ទីតាំងទាំងនេះ សូមស្នាក់នៅរយៈពេលខ្លីតាមដែលអាចធ្វើទៅបាន និងលុបបំបាត់សកម្មភាពដែលមិនចាំបាច់»។

អ៊ីរ៉ង់ អ៊ីរ៉ាក់ លីបង់ ប៉ាឡេស្ទីន ស៊ីរី និងយេម៉ែន នៅតែស្ថិតនៅក្រោមការព្រមានកម្រិតទីបួន «កុំធ្វើដំណើរ» សម្រាប់ជនជាតិអូស្ត្រាលី ខណៈដែលហ្ស៊កដានី អូម៉ង់ និងអារ៉ាប៊ីសាអូឌីត ក៏ស្ថិតនៅក្រោមការព្រមានកម្រិតទីបីផងដែរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top