ព័ត៌មានជាតិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី រៀបចំពិធីសូត្រមន្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចម៉ែ

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ សម្តេចព្រះសង្ឃ-ព្រះសង្ឃ ៩១អង្គ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

ក្នុងវរោកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះវស្សាគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយឥស្សរជនជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងយុវជនកាកបាទក្រហមកម្ពុជា បានទទួលព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត រៀបចំព្រះរាជពិធីចម្រើនព្រះជន្មព្រះវស្សា ដោយមានការយាង និងនិមន្តពីសម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង គណៈមហានិកាយ និងសម្តេចសង្ឃ-ព្រះតេជគុណព្រះសង្ឃ សរុប ៩១អង្គ មកពីវត្តចំនួន៩ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ចម្រើនព្រះបរិត្ត និងយាង-និមន្តគោចរបិណ្ឌបាត្រ ជាកិច្ចចម្រើនព្រះជន្មវស្សា ស្របតាមព្រះរាជប្បវេណី និងតាមគន្លងព្រះពុទ្ធសាសនា ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ក្នុងព្រះរាជពិធីចម្រើនព្រះជន្មវឌ្ឍនមង្គលដ៏វិសេសវិសាលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រះបរមរាជានុញ្ញាតលំឱនកាយសម្តែងនូវព្រះរាជកតញ្ញូ កតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះមហាករុណាទិគុណ និងព្រះព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តមរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាលព្រះអង្គតែងតែប្រកបដោយទសពិធរាជធម៌ គុណធម៌ មនុស្សធម៌ដ៏ថ្លៃថ្លា និងគង់ប្រថាប់ជានិមិត្តរូបដ៏ពិសិដ្ឋក្នុងការគោរពប្រតិបត្តិតាមមាគ៌ាដ៏ល្អផូរផង់របស់ព្រះពុទ្ធសាសនា ដើម្បីសន្សំព្រះរាជបុញ្ញកុសលនាំមកនូវសេចក្តីសុខ សេចក្តីចម្រើន សុភមង្គល និងភាពសម្បូរសប្បាយ រុងរឿង ថ្កុំថ្កើង តម្កល់ជាឧត្តមប្រយោជន៍ដ៏មហាធំធេងសម្រាប់សង្គមជាតិ និងប្រជារាស្ត្រកម្ពុជា ជាកូន ចៅ ចៅទួតរបស់ព្រះអង្គដ៏យូរអង្វែងតរៀងទៅ៕

To Top